អន្តរជាតិ៖ ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅវេណេហ្ស៊ុយអេឡា លោក Hojat Soltani នៅថ្ងៃទី១៤ខែសីហា បានច្រានចោលព័ត៌មានដែលអាមេរិកបានផ្សព្វផ្សាយថាបានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿងទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា គឺជារឿងមិនពិតឡើយ។
សារព័ត៌មានអុីរ៉ង់ IRNA បានដកស្រង់សម្តីលោក Hojat Soltani ដែលបានបញ្ជាក់ថា ព័ត៌មានដែលអាមេរិកបានផ្សព្វផ្សាយគឺជារឿងមិនពិតទេ ជាការនិយាយកុហក ជាសង្គ្រាមចិត្តសាស្ត្ររបស់អាមេរិក ដោយសារតែនាវាទាំងនោះមិនមែនជារបស់អុីរ៉ង់ ហើយនាវិកក៏មិនមែនជនជាតិអុីរ៉ង់ដែរ…។
នៅថ្ងៃទី១៣ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់ការប្រកាសរបស់រដ្ឋាភិបាលប្រធានាធិបតីដូណាល់ ត្រាំ ដែលបានបញ្ជាក់ថា កម្លាំងការពារដែនសមុទ្រអាមេរិកបានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿងដែលដឹកប្រេងទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ ពេលនេះនាវាដឹកប្រេងអុីរ៉ង់ត្រូវបានអាមេរិកបញ្ជូនទៅកាន់កំពង់ផែ ទីក្រុងHouston។ មិនតែប៉ុណ្ណោះ ចៅក្រមអាមេរិកបានស្នើសុំដកហូតទំនិញនៅលើនាវាទាំងអស់នោះ។
ចំណែកអុីរ៉ង់វិញបានអះអាងថាមិនមាននាវាដឹកប្រេងណាមួយត្រូវអាមេរិកចាប់នោះឡើយ ។ សកម្មភាពទាំងនោះបានធ្វើឲ្យទំនាក់ទំនងអាមេរិកនិងអុីរ៉ង់កាន់តែតានតឹងខ្លាំងឡើងៗ។ មិនតែប៉ុណ្ណោះ អុីរ៉ង់បានប្រកាសបន្តកម្មវិធីបរមាណូដើម្បីសន្តិភាព ៕
ដោយ៖ធី រីណា