ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ប៉ោយប៉ែតឲ្យពលរដ្ឋថែរក្សាគម្លាតសង្គមនិងធ្វើអនាម័យព្រោះជំងឺគ្រុនឈីកនិងមេរោគកូវីដ-១៩នៅបន្តរាតត្បាតនៅឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្លែងនៅក្នុងពិធីចែកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ពលរដ្ឋទីទាល់ក្រ២០គ្រួសារ រស់នៅក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែតនាវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតមានប្រសាសន៍ថាបច្ចុប្បន្នក្នុងនាមអាជ្ញាធរខេត្តក្រុងជាពិសេសលោកអភិបាលក្រុងប៉ោយប៉ែតតែងតែយកចិត្តទុកដាក់សហការជាមួយក្រសួងសុខាភិបាលចុះណែនាំអង្គភាពភូមិរួមទាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានឲ្យការពារសុវត្ថិភាពចេះពាក់ម៉ាស់ លាងដៃនឹងសាប៊ូឬជែលធ្វើយ៉ាងណាកុំឲ្យជំងឺកូវីដ-១៩កើតក្នុងសហគមន៍របស់យើង ។

លោកបញ្ជាក់បន្ថែមថាការផ្ទុះជំងឺគ្រុនឈីកក្នុងសង្កាត់ប៉ោយប៉ែតគឺមានច្រើនជិតឈានដល់ភូមិចំនួន១៣ដូច្នេះក្នុងនាមអាជ្ញាធរសង្កាត់-ក្រុងដែលមានគោលការណែនាំពីលោកអភិបាលក្រុងប៉ោយប៉ែតគឺធ្វើយ៉ាងណាចុះដល់មូលដ្ឋានរបស់ពលរដ្ឋដើម្បីណែនាំឲ្យពលរដ្ឋដែលមានរោគសញ្ញាគ្រុនក្ដៅ ស្ពឹកស្រពន់ដៃជើងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ជាពិសេសប្រជាការពារនិងមេភូមិតែងតែដឹកពលរដ្ឋយកទៅមណ្ឌលសុខភាពដើម្បីព្យាបាលរួមទាំងបានចុះបាញ់ថ្នាំកម្ចាត់មូសខ្លាទាំង១៣ភូមិក្នុងក្រុងប៉ោយប៉ែតជូនដល់ប្រជាពលរដ្ឋយើងដើម្បីទប់ស្កាត់ការពារជំងឺគ្រុនឈីកដែលផ្ទុះរាលដាលនៅក្នុងសង្កាត់ប៉ោយប៉ែត។

បច្ចុប្បន្ននេះជំងឺគ្រុនឈីកនៅតែបន្ត ដូច្នេះបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតសុំការពារនៅជុំវិញផ្ទះបងប្អូនដែលមានទឹកដក់ឬសំបកកង់រថយន្ត សំបកកំប៉ុងយើងត្រូវលុបបំបាត់ព្រោះថាគ្រុនឈីកកើតចេញពីមូសខ្លា។ដូច្នេះបើមានទឹកដក់គឺធ្វើឲ្យកើតមូសខ្លាញីខាំគឺបណ្ដាលឲ្យកើតគ្រុនឈីក។

 សូមបញ្ជាក់ថាគ្រួសារដែលទីទាល់ក្រមានចំនួន២០គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគពីលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យតាមរយៈចៅសង្កាត់និងក្រុមយុវជនក្រុងប៉ោយប៉ែក្នុងមួយគ្រួសារទទួលបាន ឃីតមួយកញ្ចប់រួមទាំងថវិកា៩ម៉ឺនរៀលដើម្បីកាត់បន្ថយភាពខ្វះខាតមួយគ្រានៅរដូវកូវីដ-១៩កំពុងរាតត្បាតជុំវិញពិភពលោក៕ដោយ៖វណ្ណា


ចែករំលែក៖