ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក Range Rover ស៊េរីទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង ធ្វើឱ្យរថយន្តបែកម៉ាសុីនខូចខាតស្ទើរតែទាំងស្រុង រីឯតៃកុងរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកRange Roverពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL-2721ក្នុងទិសដៅពីត្បូងទៅជើងដោយបោះពួយក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់អស់មួយកង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងនិងបែកម៉ាស៊ីនរងការខូចខាតស្ទើរទាំងស្រុង និងបន្សល់ទុកនូវលុយដុល្លារមួយចំនួននៅក្នុងរថយន្ត។រីឯតៃកុងរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ