ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងរីករាយ..ថ្ងៃនេះមានអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងគ្មានអ្នកឆ្លងថ្មីទេ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា ៖ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ ក្រោមកិច្ចប្រឹងប្រែងរបស់កងទ័ពអាវសរបស់កម្ពុជា ហើយមិនមានអ្នកឆ្លងថ្មីនោះទេ។
-អ្នកព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ។
ក្នុងនោះ បុរសទាំង៤នាក់នេះរួមមាន៖
ទី១-មានអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិស ឃុំធីយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម ធ្វើដំណើរពីប្រទេសរុស្ស៉ី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ទី២-បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់ភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសម៉ាលី តាមជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។
ទី៣-បុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
និងទី៤-បុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកបានធ្វើដំណើរពី ប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះ នៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

ដោយ៖សិលា


ចែករំលែក៖