អន្តរជាតិ៖ ការប៉ះទង្គិចគ្នាបង្ហូរឈាម រយៈពេល ៣ថ្ងៃកន្លងមកនៅក្នុងប្រទេសកូតឌឺវ័រ(Côte d’Ivoire) ក្រោយពេលប្រធានាធិបតី Ouattara អាយុ៧៨ឆ្នាំ បានប្រកាសបន្តឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាណត្តិទី៣។
នៅក្នុងការប៉ះទង្គិចគ្នានេះ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងជាង១០០នាក់រងរបួសក្នុងរយៈពេល៣ថ្ងៃកន្លងមក ។ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ លោក Vagondo Diomande បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៥ខែសីហានេះ មានអ្នករងរបួស១០៤នាក់ ក្នុងនោះមានប៉ូលិស ១០នាក់ និងទាហាន២នាក់។ ជាមួយគ្នានេះកម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្ស៦៨នាក់ចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា ពិសេសគឺបំផ្លាញសន្តិសុខសាធារណៈ បង្កអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
ការប៉ះទង្គិចគ្នាក្រោយពេលប្រធានាធិបតីOuattara អាយុ៧៨ឆ្នាំ កាលពីសប្តាហ៍កន្លងមកបានប្រកាសពីគម្រោងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងអាណត្តិទី៣ ដែលត្រូវបោះឆ្នោត នៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២០។
លោកOuattara សម្រេចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ក្រោយពេលបេក្ខភាពប្រធានាធិបតីគឺជានាយករដ្ឋមន្ត្រីAmadou Gon Coulibaly បានស្លាប់ដោយចៃដន្យ ដោយជំងឺបេះដូង។
កូតឌឺវ័រ ជាប្រទេសប្រឈមសង្គ្រាមស៊ីវិលតាំងពីឆ្នាំ២០១១មកទល់ពេលនេះ ក្រោយពេលមេដឹកនាំ Laurent Gbagbo មិនព្រមផ្តល់អំណាចដល់ប្រធានាធិបតីជាប់ឆ្នោត គឺលោកOuattara។ សង្គ្រាមស៊ីវិលបានសម្លាប់មនុស្សជាង៣ពាន់នាក់ ហើយបែងចែកប្រទេសជាពីរ ចំណែកគឺខាងត្បូងនិងខាងជើង ៕
ដោយ៖ធី រីណា