ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមកាន់ទុក្ខពីរថ្ងៃដល់អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម

ចែករំលែក៖

វៀតណាម៖ ពិធីកាន់ទុក្ខសពអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ឡេ ខាភីវ (Lê Khả Phiêu)មានរយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី​១៤ ដល់ថ្ងៃទី១៥ខែសីហា។ ពិធីចូលគោរពវិញ្ញាណក្ខន្ធ​របស់គណៈប្រតិភូរដ្ឋាភិបាល និងភ្ញៀវចាប់ផ្តើមនៅម៉ោង​៨ព្រឹកថ្ងៃទី១៤ខែសីហា។
ពិធីបុណ្យសពរបស់លោក ឡេ ខាភីវ​ បានធ្វើឡើងនៅ​៣កន្លែងផ្សេងគ្នា គឺនៅរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្ត​ថាញ់វ៉ាជាស្រុកកំណើតរបស់លោក។
ពិធីបុណ្យសពរបស់អតីតអគ្គលេខា ឡេ ខាភីវ ធ្វើឡើងក្នុងពេលវៀតណាមអនុម័តវិធានការទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ គណៈប្រតិភូទាំងអស់ដែលទៅគោរពវិញ្ញណក្ខន្ធនិងដាក់គម្រងផ្កាគឺត្រូវពាក់ម៉ាស់ទាំងអស់​។
គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ង្វៀន សឹងភុក បាននាំមុខនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ​។ បន្ទាប់មកគឺគណៈប្រតិភូរបស់រដ្ឋសភាដឹកនាំដោយលោកស្រី ង្វៀង ធី គីម ងឹង និងបណ្តាស្ថាប័ននានាក្នុងប្រទេស​។
ជាមួយគ្នានេះអគ្គលេខាធិការបក្ស លោក Nguyen Phu Trong និងប្រធានាធិបតីវៀតណាមលោក Nguyen Minh Triet បានផ្ញើកម្រងផ្កាចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធដល់លោកឡេ ខាភីវផងដែរ។
ក្រៅពីនេះក៏មានតំណាងអង្គការអន្តរជាតិ បណ្តាស្ថានទូតបរទេសប្រចាំនៅវៀតណាម​ក៏បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធផងដែរ​។
លោកឡេ ខាភីវ​ បានទទួលមរណភាពនៅវេលាម៉ោង​២និង​៥២នាទីថ្ងៃទី ៧ខែសីហា នៅក្នុងផ្ទះរបស់លោក ក្នុងជន្មាយុ​៨៩ឆ្នាំ។ លោកកើតនៅថ្ងៃទី​២៧ខែសីហាឆ្នាំ​១៩៣១ ​នៅស្រុកដុងសឺង ខេត្តថាញ់វ៉ា៕ដោយ៖ធី រីណា


ចែករំលែក៖