ខេត្តព្រៃវែង៖ ដោយសារតែក្រុមរថយន្តយីឌុបដឹកទំនិញ ដែលមានបិទអក្សរL.M.H ជាច្រើនគ្រឿងនាំគ្នាបើកគេចពីកន្លែងថ្លឹងជញ្ជីងចូលក្នុងភូមិ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅស្រុកពោធិ៍រៀង បាននាំគ្នាត្អូញត្អែក្ដៅក្រហាយព្រោះផ្លូវលំក្នុងភូមិរបស់ពួកគាត់ ត្រូវស្រុតខូចជាច្រើនកន្លែង និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំង។
តាមសម្តីប្រជាពលរដ្ឋខាងលើ បានប្រាប់ថា កាលពីមុនក្រុមរថយន្តទាំងនោះបើកបរនៅលើកំណាត់ផ្លូវជាតិលេខ៨អា មិនដែលបើកកាត់តាមផ្លូវលំក្នុងភូមិរបស់ពួកគាត់ឡើយ ប៉ុន្តែថ្មីៗនេះ ក្រោយពីស្ថានីយជញ្ជីងនៅលើកំណាត់ផ្លូវជាតិលេខ៨អា ត្រង់ចំណុចឃុំព្រៃព្នៅ ស្រុកពារាំង មានការរឹតបន្តឹងខ្លាំងស្រាប់តែក្រុមរថយន្តទាំងនោះនាំគ្នាបើកវាងជញ្ជីង ចូលមកក្នុងភូមិរបស់ពួកគាត់តែម្តង ហើយរថយន្តទាំងនោះភាគច្រើនគឺក្រុមរថយន្ត ដែលមានបិទអក្សរ L.M.H ។ ដោយក្រុមរថយន្តយីឌុបទាំងនោះ គឺមកពីកន្លែងផ្សេងៗគ្នាប៉ុន្តែពេលមកដល់ស្រុកស្វាយអន្ទរ ក៏បត់ចូលផ្លូវតែមួយគឺផ្លូវចូលស្រុកពោធ៌រៀង ហើយចាក់ឡើងទៅលើផ្លូវជាតិលេខ៨អា ត្រង់ចំណុចផ្សារស្នាយពលក្នុងស្រុកពារាំង ដោយវាងគេចមិនចូលថ្លឹងនៅក្នុងស្ថានីយជញ្ជីងនៅឃុំព្រៃព្នៅនោះទេ។
ប្រជាពលរដ្ឋបន្តថា ក្រុមរថយន្តយីឌុបទាំងនោះ មិនត្រឹមតែធ្វើឲ្យខូចផ្លូវនិងស្ពាននៅក្នុងភូមិនោះទេ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភខ្លាំងនោះ គឺអំពីសុវត្ថិភាពកូនចៅរបស់ខ្លួន ព្រោះក្រុមរថយន្តទាំងនោះ បើកលឿនខ្លាំងណាស់ ហាក់មិនខ្វល់ពីអ្នកស្រុកដែលរស់នៅតាមបណ្តោយផ្លូវសោះឡើយ ដូច្នេះហើយទើបពួកគាត់សំណូមពរដល់អាជ្ញាធរស្រុកខេត្ត ក៏ដូចជាមន្ទីរសាធារណៈការខេត្តព្រៃវែង មេត្តាជួយអន្តរាគមន៍ទប់ស្កាត់រថយន្តយីឌុបទាំងនោះផង។
ជុំវិញបញ្ហានេះដែរ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រៃវែងលោក អ៊ុន សុធា បានឲ្យដឹងថា ខាងអាជ្ញាធរស្រុកពោធ៌រៀង ក៏បានរាយការណ៍មករូបលោកដែរ ហើយលោកបានបញ្ជាក់ថា ក្រុមរថយន្តទាំងនោះគឺសុទ្ធតែដឹកលើសទំងន់ខ្លាំង ទើបនាំគ្នាបើកវាងគេចជញ្ជីង ហើយលោកបានស្នើឲ្យខាងអាជ្ញាធរស្រុក សុំគោលការណ៍ទៅលោកអភិបាលខេត្ត ដើម្បីដាក់បារ៉ាស់កាត់ថ្នល់ នៅចំណុចគល់ស្ពានកំពង់ខ្សាច់ ដើម្បីកុំឲ្យរថយន្តទាំងនោះអាចឆ្លងកាត់បានទៀត ។
លោកប្រធានមន្ទីរសាធារណៈការ បន្តថា ប៉ុន្តែចំពោះមុខពេលនេះ គឹមិនទាន់អាចចុះធ្វើភ្លាមៗទេ គឺអាចត្រូវរង់ចាំដល់ផុតថ្ងៃសំរាក ដែលរាជរដ្ឋាភិបាលបានសង ជំនួសថ្ងៃចូលឆ្នាំសិន៕
ដោយ៖សហការី