ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ទៀតក្នុងចំណោមបក្ខពួក២នាក់ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមស្រាវជ្រាវនឹងឈានដល់ឃាត់ខ្លួនពាក់ព័ន្ធករណីអំពើលួចដោយមានស្ថានទម្ងន់ទោសមានប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់និងប្រើប្រាស់នូវសារធាតុញៀនផង ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២០កន្លងទៅហើយត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្លក្រាមបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេវ ពិដោ ហៅតោ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែលបានបន្តថាកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២០កន្លងទៅនេះជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាព លួចទូរស័ព្ទចំនួន២គ្រឿង រួចគេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណិប វណ្ណា ហៅព្រំ ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាបនិងរឹបអូសវត្ថុតាងកាំបិតមួយដើម កាំភ្លើងខ្លីមួយដើមនិងទូរស័ព្ទមួយគ្រឿង។ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
លុះមកដល់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះ សមត្ថកិច្ចបានតាមឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះចេវ ពិដោ ហៅតោនេះថែមទៀត។
ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ ៕ដោយ៖ប្រាថ្នា