ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេណវិមានឈ្នេះ=ឈ្នះ ជាមួយនិឹងការណែនាំឱ្យក្រុមសន្តិសុខសណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋដែលទៅដើរលេងកម្សាន្តនៅទីក្នុងវិមាននេះទុកដាក់សំរាមឱ្យបានល្អផងដែរ។
ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ ២០២០នេះ ខណៈដែលលោកដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះ=ឈ្នះនិងមើលតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យបរិវេណវិមានឈ្នះ=ឈ្នះនិងនៅតាមបណ្តោយផ្លូវនេះមានសណ្តាប់ធ្នាប់សោភណភាព បរិស្ថាន និងអនាម័យល្អប្រសើរ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា នៅក្នុងបរិវេណវិមានឈ្នះ=ឈ្នះនេះ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តរាប់ពាន់នាក់ ដូច្នេះកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់របស់យើងត្រូវណែនាំពួកគាត់ឱ្យទុកដាក់សំរាមឱ្យបានល្អ ដើម្បីឱ្យពួកគាត់មានទម្លាប់ល្អ។
បន្ថែមពីនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេណវិមានឈ្ន=ឈ្នះនេះឱ្យបានល្អស្អាតបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែសីហាកន្លងមកនេះ លោកអភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះ=ឈ្នះនិងតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះម្តងរួចមកហើយ ដោយកាលណោះលោកអភិបាលបានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសម្អាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀរទឹកដក់នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូ។ ក្រោយពីមានការណែនាំបែប នេះ មកដល់ថ្ងៃនេះ ឃើញថាទាំងបរិវេណវិមានឈ្នះ=ឈ្នះនិងតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ មានសោភណភាព បរិស្ថានល្អប្រសើរហើយ ។ដោយឡែកនៅតាមបណ្តោយផ្លូវនេះក៏មានសណ្តាប់ធ្នាប់ល្អប្រសើរហើយដែរ៕ដោយ៖ សំរិត