ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹង ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០។ នេះបើងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
សេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា៖ តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយ លោក លី ខឺឈាង នាយក រដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹង ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ។ អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំ រួមមាន លោក ហោ ណាំហុងឧបនាយករដ្ឋមន្ត្រី ,លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ,លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ
និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
រៀបចំឡើងក្រោមមូលបទ “ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម – ថ្នាក់ដឹកនាំ និងពិនិត្យ ឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្តីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីក វិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។ ថ្នាក់ដឹកនាំ ក៏នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ លើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ -ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព ប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕
ដោយ៖សុខ ខេមរា