ភ្នំពេញ៖ កម្លាំងល្បាតរបស់ខណ្ឌនិងប៉ុស្តិ៍រដ្ឋបាលឫស្សីកែវបានបង្ក្រាបជនសង្ស័យ៤នាក់ដែលកំពុងធ្វើសកម្មភាពជាក់ស្តែងគាស់ទ្វារផ្ទះគេលួចយកទ្រព្យសម្បត្តិនាវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០
នៅចំណុចផ្ទះលេខ០១បេ ផ្លូវបេតុង ក្នុងក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះហ៊ុន រស់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរលក់ដូរ ។
ចំណែកជនសង្ស័យទាំង៤នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ
១-ឈ្មោះភឹម ឆៃលី ហៅអាឆៃ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ ២-ឈ្មោះភឹម សូនី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយគ្នា មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។៣-ឈ្មោះសេង សំណាង ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នា មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)និង៤-ឈ្មោះហេង សុីឃាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៦៩ផ្លូវបេតុង ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបររត់រឺុម៉កកង់បី (មានសារធាតុញៀន)។
.សម្ភារដកហូតរួមមាន ៖
កន្ត្រៃកាត់ដែកចំនួន១, ពិលបំភ្លឺចំនួន៣, មេសោផ្ទះចំនួន៥, ដែកបំពង់ទីបចំនួន ២កំណាត់, រឺុម៉កកង់បីឥណ្ឌាមួយគ្រឿងលេខភ្នំពេញ1HW5944 ពណ៏ស។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បានជួបពិភាក្សាគ្នាចេញធ្វើសកម្មភាពលួចដោយមិនកំណត់គោលដៅ។ លុះដល់ម៉ោងប្រហែល២៣ៈ០០នាទីពួកគេបានជួបជុំគ្នាឡើងជិះឡំប្រឺតាចេញពីវាលស្បូវរកកន្លែងដើម្បីធ្វើសកម្មភាពលួច។ ពេលមកដល់ផ្ទះកើតហេតុឃើញផ្ទះចាក់សោពីក្រៅ ក៏ឈប់ឡំប្រឺតាចុះទៅធ្វើសកម្មភាពគាស់កាត់សោផ្ទះចូលទៅលួចយកទ្រព្យសម្បត្តិ តែពេលកំពុងធ្វើសកម្មភាពត្រូវសមត្ថកិច្ចមកទាន់ឃាត់ខ្លួនទាំង៤នាក់បានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ ជីណា