ភ្នំពេញ៖ ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីសហប្រតិបត្តិការលើការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ និងព័ត៌មាន ជាមួយនឹងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ លោក ប្រាក់ សំអឿន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលជានិច្ចកាលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពបម្រើដល់ប្រយោជន៍សាធារណៈ ការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងការធ្វើការសិក្សាស្រាវជ្រាវ ដើម្បីរួមចំណែកដល់ការកសាងគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយគ្នានេះ លោកក៏បានស្នើដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា សូមពិចារណាបន្តធ្វើការសិក្សាស្រាវជ្រាវអំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងស្នើសុំផ្តល់កិច្ចសហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តីរាជការ និងថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាជំហានថ្មីមួយបន្ថែមទៀត ក្នុងការពង្រឹង ពង្រីកសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត សំដៅរួមចំណែកបម្រើដល់ផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ ឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់លោក ប្រាក់ សំអឿន លោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្តល់នូវកិច្ចសហការល្អជាមួយវិទ្យាស្ថាន ក្នុងការរួមចំណែកធ្វើសកម្មភាពបម្រើដល់ផលប្រយោជន៍សាធារណៈ។ ទន្ទឹមនេះ លោកនាយកប្រតិបត្តិនឹងពិចារណាចំពោះសំណើរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការងារសិក្សាស្រាវជ្រាវអំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ក្រោមជាតិ។
បន្ទាប់ពីបញ្ចប់នូវមតិស្វាគមន៍រួចមក ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕
ដោយ៖ សិលា