ភ្នំពេញ៖ វិធីធ្វើឆ្អឹងជំនីឆាគល់ស្លឹកគ្រៃប្រៃផ្អែម មានគ្រឿងផ្សំដូចជា ៖ ឆ្អឹងជំនី ៤០០ក្រាម កាប់ជាដុំៗល្មម,គល់ស្លឹកគ្រៃ ៤គល់ ហាន់ស្តើងៗ,ស្លឹកក្រូចសើច ៤-៥សន្លឹក,ម្ទេសហាន់ ៨-១០គ្រាប់,ខ្ទឹមសចិញ្ច្រាំ ៣-៥កំពឹស,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ទឹកធម្មតា ១៥០មីលីលីត្រ។
វិធីធ្វើ៖
ទី១-ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលរំលីងវាឲ្យក្រហមបន្តិច រួចដាក់ឆ្អឹងជំនីចូល រំលីងចូលគ្នាឲ្យសាច់ជិតឆ្អិន។
ទី២-បន្ទាប់មកដាក់គល់ស្លឹកគ្រៃចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឺកត្រី ទឹកប្រេងខ្យង និងស្ករស ឆាចូលគ្នាឲ្យសព្វ ហើយដាក់ទឹកចូលឆារម្ងាស់ទុកប្រហែល ១០នាទី។
ទី៣-ពេលពុះហើយ បេះស្លឹកក្រូចសើចដាក់ចូលឆា ៤-៥ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
ដោយ ៖ អ៊ាង សផល្លែត