ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា៖
នៅតាមតំបន់រមណីយដ្ឋាន ទីតាំងសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន អាហារដ្ឋានក្នុងខេត្តរតនគិរី បានរៀបចំខ្លួនរួចជាស្រេច ជាមួយវិធានការបង្ការ និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ខ្ពស់ ក្នុងឱកាសដែលបងប្អូនមន្ត្រីរាជការ កម្មករ និយោជិតយើង ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំកម្ពុជាឱ្យឈប់សម្រាករយៈពេល៥ថ្ងៃសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។
អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បន្តថា៖ បន្ថែមលើវិធានការណ៍នេះ សូមបងប្អូនទាំងអស់ចូលរួមសហការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍មួយចំនួន ដូចជាការពាក់ម៉ាស់ លាងសំអាតដៃ ការរក្សាគំលាតសុវត្ថិភាពសង្គម និងមិនត្រូវធ្វើដំណើរឡើយក្នុងករណីមានអាការៈក្តៅខ្លួន។
លោក ថង សាវុន សូមជូនពរការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនេះទទួលបានសុវត្ថិភាពគ្រប់ប្រការ៕
ដោយ៖ សិលា