ព័ត៌មានទាន់ហេតុការណ៍៖

សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!! យុវជនម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្ត​កំពុងចតអែបផ្លូវបោកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

      ភ្នំពេញ​ ៖​ នៅវេលាម៉ោង១១៖៣០នាទី​ ថ្ងៃសៅរ៍១១រោច ខែស្រាពណ៍ ឆ្នាំកជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចលើផ្លូវជាតិលេខ០២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់នៅកន្លែងកើតហេតុ)​ ។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា​ ភាគីម៉ូតូម៉ាក ហុងដា សេ125 ផលិតឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-1250 បើកបរដោយឈ្មោះ ប្រាក់ សែនជ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ  មានទីលំនូវភូមិស្លែង ឃុំគោព្រិច ស្រុកគិរីវង់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) (ពាក់មួក) ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏ទៅបុករថយន្តមួយគ្រឿងដែលឈប់ចតនូវជាយផ្លូវកំពុងសាងសង់ក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង បណ្តាលអោយបោកដួលស្លាប់នៅកន្លែងកើតហេតុតែម្តង​ ។ 

ភាគីរថយន្តម៉ាក ហុីណូ  ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ព្រះសីហនុ 3A-2216 អ្នកបើកបរ (ពុំស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត)​ ចំពោះមូលហេតុ៖មកពីភាគីម៉ូតូ បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ 

   បច្ចុប្បន្ន​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដោយមានវត្ថុតាង​ រថយន្ត​ និងម៉ូតូ​ ត្រូវបានប្រគល់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ចែងតាមជំនាញ​ ។ ចំណែកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖