ខេត្តក្រចេះ ៖ សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា និងវិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺ, ការដោះស្រាយផលប៉ះពាល់នានាពីជំងឺនេះ និងការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះ សម្ដេចបានគូសបញ្ជាក់ថាការផ្ទេរសមត្ថកិច្ចសុខាភិបាលមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាហេតុផលមួយនៃការធានាប្រសិទ្ធភាពនៃការងារទប់ស្កាត់ការីករាលជំងឺកូវីដ១៩ ក្នុងនោះរដ្ឋបាលខេត្តក្រចេះបានធ្វើការងារនេះទទួលបានលទ្ធផលយ៉ាងល្អ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រារព្ធនៅសាលមហោរស្រព ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
សម្ដេចបានមានប្រសាសន៍ទៀតថា ៖ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្ត ប្រែក្លាយទឹកដីខេត្តក្រចេះទៅជាតំបន់កសិកឧស្សាហកម្ម និងជាតំបន់អេកូទេសចរណ៍ ដែលធានារក្សាការពារធនធានធម្មជាតិ បរិស្ថាន សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភព និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យ៉ាងណាក៏ដោយ សម្ដេចបានកត់សំគាល់ថាខេត្តក្រចេះក៏ប្រឈមនឹងបញ្ហាមួយចំនួន ដូចជាបញ្ហាដីធ្លី ការអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើ និងបញ្ហាបរិស្ថាន ដែលទាមទារនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីដោះស្រាយ សំដៅធានាការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់រយៈពេលពីមធ្យមទៅរយៈពេលវែង។
សម្ដេចបានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល ត្រូវសហការជាមួយក្រសួងស្ថាប័ន គាំទ្ររដ្ឋបាលខេត្តក្រចេះ មន្ទីរអង្គភាពជំនាញ និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដោយខិតខំពង្រឹងជំនាញមន្ត្រីមានសត្ថកិច្ចក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសបទល្មើសព្រៃឈើ គ្រឿងញៀន និងអំពើលួចឆក់ប្លងន់ ដោយខិតខំបំផុសចលនាចូលរួមពីគ្រប់មជ្ឈដ្ឋានតាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕
ដោយ៖ សុខ ខេមរា