ខេត្តក្រចេះ ៖ សម្តេចក្រឡហោម ស ខេង បានសម្ដែងក្ដីបារម្ភចំពោះការចែកចាយគ្រឿងញៀននៅតាមតំបន់ជនបទ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រារព្ធនៅសាលមហោរស្រព ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
ក្នុងនោះ សម្ដេចបានសម្ដែងក្ដីបារម្ភចំពោះការចែកចាយគ្រឿងញៀននៅតាមតំបន់ជនបទ និងបានណែនាំឱ្យរដ្ឋបាលខេត្តក្រងស្រុកឃុំសង្កាត់ទូទាំងខេត្តក្រចេះ បន្តយកចិត្តទុកដាក់ដោះស្រាយទប់ស្កាត់កុំឱ្យគ្រឿងញៀនរាលដាលចូលទៅក្នុងសហគមន៍ជនបទ។ ជាមួយគ្នានេះ សម្ដេចក៏បានណែនាំបន្តដឹកនាំអនុវត្តការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករសម្លាប់ជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យមានអ្នករងរបួស និងខូចខាតទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ខណៈចាប់តាំងពីមានការរឹតបន្តឹងច្បាប់មក សម្ដេចអះអាងថាចំនួនអ្នកស្លាប់ និងរបួសបានថយចុះប្រមាណពាក់កណ្ដាល បើធៀបនឹងមុនពេលមានការអនុវត្តច្បាប់។
សម្ដេចបានបន្តណែនាំឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩តាមសហគមន៍ ពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអំឡុងពេលនៃការឈប់សំរាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី និងត្រូវបន្តខិតខំប្រឹងប្រែងប្រើប្រាស់សក្ដានុពលក្នុងខេត្តជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើតការងារនានានៅក្នុងខេត្តជូនប្រជាពលរដ្ឋ ហើយត្រូវបន្តយកចិត្តទុកដាក់គាំទ្រការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលជំងឺកូវីដ១៩ ស្របតាមកម្មវិធីរបស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោមក៏បានណែរដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានខេត្ត ត្រូវបន្តចូលរួមសហការ និងអនុវត្តឱ្យបានជោគជ័យនូវកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការ ពិសេសការផ្ទេរមុខងារ សិទ្ធិ អំណាច ធនធាន និងថវិកាពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ, លើកម្ពស់ការអភិរក្សធនធានធម្មជាតិ, ខិតខំដោះស្រាយ និងសម្របសម្រួលជម្លោះនានានៅមូលដ្ឋាន ពិសេសជម្លោះដីធ្លី ដោយឈរលើគោលការណ៍សន្តិវិធី និងច្បាប់ ព្រមទាំងលុបបំបាត់ការអន្តរាគមន៍ខុសតួនាទី និងសមត្ថកិច្ច, គាំទ្រការអនុវត្តការងាររបស់ក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម, ពង្រឹង និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈ, ពង្រឹងលើកកម្ពស់វិស័យទេសចរណ៍, ស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋក្រីក្រ។
សម្ដេចក្រឡាហោមក៏បានទាញចំណាប់អារម្មណ៍ឱ្យរដ្ឋបាលខេត្តក្រចេះសិក្សារៀបចំប្លង់តំបន់អភិវឌ្ឍន៍ និងកំណត់តំបន់ត្រូវអភិរក្ស ដោយភ្ជាប់នឹងការអភិរក្សធនធានធម្មជាតិ និងត្រូវកំណត់ប្លង់គោលឱ្យបានត្រឹមត្រូវដើម្បីបញ្ចៀសបញ្ហាអាណាធិបតេយ្យនៅពេលមានសន្ទុះនៃការអភិវឌ្ឍ ត្រូវរៀបចំផែនការលើកស្ទួយបងប្អូនជនជាតិដើមភាគតិចឱ្យបានល្អប្រសើរ ព្រមទាំងរៀបចំការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងខេត្តដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារទៅតាមទស្សនៈវិស័យរបស់ខេត្ត និងរាជរដ្ឋាភិបាល៕
ដោយ៖ សិលា