ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញប្រគល់ ប័ណ្ណ លិខិតសរសើរ ជូនដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៦០នាក់

ចែករំលែក៖

ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៦០នាក់ ដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំរួម របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀត។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឲ្យអង្គភាពកងរាជ អាវុធហត្ថ ក្លាយជាស្ថាប័ន ការពារនិងអនុវត្តច្បាប់ ប្រកបដោយវិន័យសណ្តាប់ធ្នាប់ សីលធម៌ គុណធម៌ និងការគោរពសិទ្ធិមនុស្ស ទទួលបានការកោតសរសើរនិងគាំទ្រ ពីប្រជាជន មហាជន ជាពិសេសការជឿជាក់ពីថ្នាក់ដឹកនាំ ទូទាំងប្រទេស។ ហើយជោគជ័យដ៏ត្រចះត្រចង់ទាំងនេះ គឺពិតជាមិនអាចខ្វះបាន នូវការរួបរួមសាមគ្គី និងឆន្ទៈនៃការលះបង់ របស់អាវុធហត្ថយើងម្នាក់ៗ បានឡើយ។

ដោយឡែកចំពោះ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ ខ្លួននិងគ្រួសារ បំពេញការងារទាំងយប់ទាំងថ្ងៃ ទាំងការកសាងអង្គភាព, ការបង្កា ទប់ស្កាត់ បង្ក្រាប រាល់បទល្មើស, ការចូលរួម ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំក៏ដូចជាប្រតិភូជាតិ-អន្តរជាតិ, ការការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់ កម្មវិធីបុណ្យជាតិ សាសនា, ការជួយយកអាសារប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់លើដងផ្លូវ ដោយការសង្គ្រោះបឋម, ការជួយសម្រួល ចរាចរណ៍នៅកន្លែងកកស្ទះ, ការជួយដឹកដៃសិស្សតូចៗឆ្លងផ្លូវទាំងម៉ោងចូលនិងចេញពីសាលា, ការល្បាតពេលយប់ រក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និង ការចូលរួមចលនា អនាម័យបរិស្ថាន គ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើង រហូតទទួលបាន ការស្រឡាញ់ ជឿជាក់ គាំទ្រ កោតសរសើរ ពីស្រទាប់ ប្រជាជន មហាជន ព្រមទាំងទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ជាក់ស្តែងដូចការផ្តល់កិត្តិយសប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់នាយទាហាន នាយទាហានរង ក្នុងថ្ងៃនេះជាដើម។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ឯក តែងតែបានក្រើនរំលឹកជារឿយៗស្តីពីការ បង្ការ និងទប់ស្កាត់រលកទីពីរ នៃជម្ងឺឆ្លងកូវីដ-១៩ (Covid-19) ដល់កម្លាំងក្រោមឱវាទទាំងអស់ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ដូចជាពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគន្លាតសុវត្ថិភាពបុគ្គល សង្គម និងចាត់វិធានការប្រុងប្រយ័ត្នផ្សេងៗ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសរាល់ពេលចេញប្រតិបត្តិការ ត្រូវមានប្រុងប្រយ័ត្នឲ្យឲ្យបានខ្ពស់បំផុត ទាំងសុវត្ថិភាពពេលបំពេញបេសកកម្ម និង ការការពារការឆ្លងកូវីដ១៩។

– អរគុណសន្តិភាព!
– អរគុណនយោបាយ ឈ្នះ ឈ្នះ!
– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!៕

ដោយ៖ សិលា


ចែករំលែក៖