ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសម្រុកបង្រ្កាបបទល្មើសនេសាទខណៈទឹកកំពុងសម្រុកឡើង

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ មួយរយៈនេះគេសង្កេតឃើញមន្រ្តីជំនាញរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ រួមសហការជាមួយមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ប្រភេទរបាំងស្បៃមុង និងរបាំងសាច់អួនរាល់ថ្ងៃ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ។

 តាមការបញ្ជាក់ពីលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ មន្រ្តីសង្កាត់រដ្ឋជលផលកំពង់ហ្លួង យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត សហការចុះបង្រ្កាបនៅចំណុចកំពង់ស្ទឹងដល់កំពង់ក្រចាប់ ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ជាលទ្ធផលបានបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង របាំងស្បៃមុងចំនួន១១ខ្សែ ស្មើនឹងប្រវែងចំនួន១៦០០ម៉ែត្រ លូកងស្បៃមុងចំនួន២៦មាត់ បង្គោលចម្រឹងចំនួន៥៥០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ចំនួន៣៥គីឡូក្រាម ។

 លោកនាយខណ្ឌបន្តថា លុះមកដល់ថ្ងៃដដែលនោះដែរ លោកនាយផ្នែករដ្ឋបាលជលផលរាំងទិល រួមសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តចុះពិនិត្យ និងបង្រ្កាបត្រង់ចំណុចខាងមុខពាមព្រែកក្រ ស្ថិតនៅភូមិពាមព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផលបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង របាំងស្បៃមុងចំនួន១១ខ្សែ ស្មើនឹងប្រវែងចំនួន៩០០ម៉ែត្រ លូកងស្បៃមុងចំនួន២២មាត់ បង្គោលចម្រឹងចំនួន៧០០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ចំនួន៩គីឡូក្រាមផងដែរ ។

 លោកបន្ដទៀតថា ដោយឡែកនៅថ្ងៃទី១៥ ខែឆ្នាំដដែលនេះដែរ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋជលផលបាកាន រួមសហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះពិនិត្យនិងបង្រ្កាបត្រង់ចំណុចពាមព្រែកទាល់ខាងកើតដល់ក្អមសំណ ស្ថិតនៅឃុំរាំងទិល ស្រុកកណ្ដៀង និងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផល ៖ បំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ២ករណី របាំងស្បៃមុងចំនួន១១ខ្សែ ប្រវែង២៣០០ម៉ែត្រ លូកងស្បៃមុងចំនួន២២មាត់ របាំងសាច់អួនចំនួន២ខ្សែ ប្រវែងចំនួន៤៥០ម៉ែត្រ ក្បាលបរចំនួន៣គ្រឿង បង្គោលចម្រឹងចំនួន៥៥០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ចំនួន៥០គីឡូក្រាម ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖