ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញក្នុងកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ក្នុងខេត្តកំពង់ធំ នៅភូមិគ្រឹះ ឯកឧត្តម ក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

 លោកបានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ និងបានណែនាំដល់អង្គប្រជុំយកចិត្តទុកដាក់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខ ដោយផ្តោតលើចំណុចសំខាន់ៗ រួមមាន ៖

 – ចំពោះប្រតិទិនរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក បានស្នើសុំឱ្យថ្នាក់ខេត្តពិនិត្យឱ្យបានច្បាស់លាស់ និងធ្វើការងារឱ្យបានល្អទៅតាមប្រតិទិនរបស់ គ.ជ.ប ។

 – ត្រូវខិតខំកសាង និងពង្រឹងសមាជិកបក្សតាមសន្ទស្សន៍ផែនការ ដែលថ្នាក់ខេត្តបានដាក់ចុះនាពេលកន្លងមក ។ អ្នកដែលមិនទាន់ចុះឈ្មោះ និងអ្នកដែលដល់អាយុចុះឈ្មោះ ត្រូវជំរុញឱ្យចូលជាសមាជិកបក្សគ្រប់ៗគ្នា ហើយសមាជិកបក្សទាំងអស់ត្រូវបំពាក់បំប៉នការងារនយោបាយ ការងារសតិអារម្មណ៍ និងការងារចាត់តាំង ដើម្បីជំរុញឱ្យបានទៅបោះឆ្នោតទាំងអស់គ្នា នៅការិយាល័យដែលបានចុះឈ្មោះបោះឆ្នោត ។ 

 – ត្រូវត្រៀមលក្ខណៈ នៅពេលដែលមានផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញ ត្រូវចាត់តាំងអនុវត្តនូវគ្រប់ខ្លឹមសារនៃជំហ៊ាននិមួយៗ ហើយគណៈកម្មាធិការបក្សខេត្ត ត្រូវធ្វើប្រតិទិនការងារលំអិតតាមផែនការឱ្យបានត្រឹមត្រូវល្អពីដើមដល់ចប់ ដើម្បីទទួលបានជោគជ័យជូនបក្ស ។ ត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិ ទាំងសម្ភារៈ និងថវិការ ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពបោះឆ្នោតនាពេលខាងមុខនេះ ។

 ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធានអង្គប្រជុំ ក៏បានរំលឹកអំពីអនុសាសន៍របស់ សម្តេច ហ៊ុន សែន ចំពោះបញ្ហាពន្ធអនុគ្រោះ (EBA) ដែលត្រូវកាត់បន្ថយ២០% កាលពីថ្ងៃទី១២ ខែសីហា កន្លងមកនេះ ដើម្បីក្រុមការងារយកទៅពន្យល់ដល់ប្រជាជនឱ្យបានជ្រួតជ្រាប និងយល់ដឹងបានច្បាស់លាស់។

 ចុងបញ្ចប់នៃកិច្ចប្រជុំ លោក បានមានប្រសាសន៍អរគុណ កោតសរសើរ លោក លោកស្រី នៃគណបក្សខេត្តគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖