អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហានេះ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញថា៖ នៅទូទាំងប្រទេសរបស់ខ្លួន បានរកឃើញករណីឆ្លងសរុបនៃ COVID-19 បានកើនដល់ ២,៥៨៩,៦៨២នាក់ ក្នុងនោះដែរមានករណីស្លាប់៤៩,៩៨០នាក់។
បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ ដែលបានដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៦ខែសីហាឆ្នាំ២០២០នេះថា ការកើនឡើងនៃតួលេខអ្នកឆ្លងនិងស្លាប់នេះ គឺបន្ទាប់ពីមានអ្នកឆ្លងថ្មី ៦៣,៤៩០នាក់ និងស្លាប់ថ្មី៩៤៤នាក់។ ចំណែកមនុស្សចំនួន៦៧៧,៤៤៤នាក់ ដែលកំពុងបន្តសម្រាកព្យាបាលជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា ខណៈក្នុងចំណោមអ្នកដែលបានឆ្លងជិត ២.៦លាននាក់នោះ គឺមាន ១,៨៦២,២៥៨នាក់ ឬស្មើនឹងជិត៧២ភាគរយ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលជោគជ័យ។
ជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌាកំពុងតែខ្នះខ្នែងអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ជាខ្លាំង។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមុិញ នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី បានប្រកាសថា វ៉ាក់សាំងចំនួន៣ប្រភេទ កំពុងស្ថិតក្នុងការធ្វើតេស្តនៅដំណាក់កាលខុសៗគ្នា ហើយបានប្តេជ្ញាយ៉ាងមុតមាំថា ប្រទេសលោកនឹងយកឈ្នះវីរុសដ៏កាចសាហាវនេះឲ្យបាន៕ដោយ៖ស តារា