អន្តរជាតិ៖ មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ និងមនុស្ស២១នាក់ទៀតកំពុងតែបន្តបាត់ខ្លួននៅឡើយ ដោយសារគ្រោះបំណាក់ដីដ៏អាក្រក់មួយនៅភាគកណ្តាលប្រទេសនេប៉ាល់ ។ ខណៈនៅថ្ងៃអាទិត្យទី១៦ ខែសីហានេះកងកម្លាំងប៉ូលិស និងយោធានេប៉ាល់ កំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននោះ ។
បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៦ ខែសីហាឆ្នាំ២០២០នេះថា ហេតុការណ៍គ្រោះបំណាក់ដីខាងលើនេះ បានកើតឡើងកាលពីថ្ងៃសុក្រទី១៤ ខែសីហា ថ្មីៗនេះ ហើយមកទល់ឥឡូវសាកសពមនុស្ស១៨នាក់ ត្រូវបានរកឃើញនៅក្នុងស្រុកSindhupalchowk នៃខេត្តBagmati Pradesh ភាគកណ្តាលប្រទេសនេប៉ាល់ ខណៈមនុស្ស២១នាក់ទៀត កំពុងតែបន្តបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា ក្នុងចំណោមសាកសពមនុស្សទាំង១៨នាក់នោះ មាន១១នាក់ជាកុមារ ៤នាក់ជាស្រ្តី និង៣នាក់ជាបុរស។ មិនតែប៉ុណ្ណោះ គ្រោះបំណាក់ដីនោះ បានបំផ្លាញលំនៅឋានប្រជាជនចំនួន៣៧ខ្នង ក្នុងចំណោមលំនៅឋានសរុបប្រមាណជិត១៧០ខ្នង នៅភូមិមួយឈ្មោះថា Lidi ដែលស្ថិតនៅជម្រាលភ្នំ ។
បច្ចុប្បន្នក្រុមអ្នកសង្រ្គោះកំពុងស្វែងរក មនុស្ស២១នាក់ទៀត ដែលកំពុងបាត់ខ្លួននោះ ៕ដោយ៖ស តារា