ប្រទេសថៃ៖ ពលរដ្ឋថៃប្រមាណ២ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៦ខែសីហា ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយទាមទារឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ។
តាមសារព័ត៌មានSputnik បានផ្សាយថា បើទោះបីមានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នា ប៉ុន្តែនៅមានពលរដ្ឋ ជាង២ម៉ឺននាក់ ប្រមូលផ្តុំគ្នា នៅទីក្រុងបាងកកដើម្បីប្រឆាំងរដ្ឋាភិបាល។ នេះជាបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក ក្រោយការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។
សមាជិកនៃចលនាយុវជនសេរីដឹកនាំដោយក្រុមនិស្សិត សិស្ស បានបញ្ជាក់ថា មានមនុស្សជិត២ម៉ឺននាក់បានចុះឈ្មោះ ស្នើឲ្យ សរសេររដ្ឋធម្មនុញ្ញឡើងវិញ ដែលបានអនុម័ត ក្នុងអំឡុងឆ្នាំ២០១៤-២០១៩។
ក្រុមបាតុករបានលើកឡើងថា ច្បាប់រដ្ឋធម្មនុញ្ញដែលសរសេរព្រាងច្បាប់ដោយកម្លាំងយោធា ក្នុងគោលដៅជួយឲ្យលោក ប្រាយុទ្ធ ចាន់អូចា កាន់អំណាច ក្រោយការបោះឆ្នោតកាលពីឆ្នាំកន្លងមក ជាមួយគ្នានោះសមាជិកកម្លាំងយោធាកាន់តំណែងសំខាន់ៗនៅក្នុងជួរដ្ឋាភិបាល។
ក្រុមបាតុកម្មបានទាមទារឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែង និងរំលាយរដ្ឋសភា ជាការបើកផ្លូវរៀបចំបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដែលមិនរងសម្ពាធពីកម្លាំងយោធា៕ដោយ៖ធី រីណា