ព័ត៌មានទាន់ហេតុការណ៍៖

សំណង់ស្កឹមស្កៃរបស់មន្រ្តីក្រសួងសាធារណការម្នាក់ មានតម្លៃរាប់លានដុល្លារត្រូវអាជ្ញាធរជាតិអប្សរាបញ្ជាឲ្យកម្ទេចចោល

ចែករំលែក៖

ខេត្តសៀមរាប៖សំណង់ដ៏ធំស្កឹមស្កៃរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរុះរើទាំងបង្ខំ តាមការកំណត់របស់អាជ្ញាធរជាតិអប្សរា។

តាមប្រភពពីខេត្តសៀមរាបបានឲ្យដឹងថា សំណង់របស់មន្ត្រីបម្រើការងារនៅក្រសួង សាធារណការ និងដឹកជញ្ជូនម្នាក់នេះបានសាងសង់នៅតំបន់ឧទ្យានអង្គរ ឥឡូវនេះត្រូវបានវាយកម្ទេចចោលវិញហើយ។

ទីតាំងសំណង់ដ៏ធំនេះត្រូវបានគេអះអាងថាបានសាងសង់ជាយូរណាស់មកហើយស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិលក្រុងសៀមរាប មានទំហំប្រមាណ ៣០ម៉ែត្រ គុណ១០០ម៉ែត្រ និងមានតម្លៃប្រមាណជាង២លានដុល្លារអាមេរិកឯណោះ។

ចំពោះដើមហេតុដែលនាំឲ្យមានសំណង់ធំនេះកើតឡើង គឺដំបូងឡើយគេបានយកឈ្មោះ អង្គភាពក្រសួងសាធារណការ និងដឹកជញ្ជូន មកសុំការសាងសង់ជារោងសម្រាប់ដាក់សម្ភារបម្រើការជួសជុលផ្លូវជាតិលេខ៦។ប៉ុន្តែបន្ទាប់ពីបានការអនុញ្ញាតស្រាប់តែម្ចាស់ទីតាំងបានលួចសាងសង់ជាសំណង់ដ៏ធំខុសពីការស្នើសុំ ហើយត្រូវបានអាជ្ញាធរជាតិអប្សរាឲ្យរុះរើដោយខ្លួនឯងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាពុំបានសាងសង់តាមការអនុញ្ញាតរបស់អាជ្ញាធរត្រឹមត្រូវ។

មន្ត្រីអាជ្ញាធរជាតិអប្សរាបាននិយាយថា បន្ទាប់ពីមានការចាត់វិធានការនេះ ម្ចាស់សំណង់បានសម្រេចចិត្តទាំងបង្ខំសុំធ្វើការរុះរើសំណង់នេះដោយខ្លួនឯង ដោយបានចំណាយពេលជាច្រើនថ្ងៃ ទើបការរុះរើសំណង់នេះបានចប់ជាស្ថាពរនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០មុននេះ។

មន្ត្រីដដែលអះអាងថាការសាងសង់សំណង់នៅក្នុងតំបន់ឧទ្យានអង្គរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងតឹងរុឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា សូម្បីប្រជាពលរដ្ឋ ជួសជុលលំនៅដ្ឋានបន្តិចបន្តួចក៏ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅដល់ភ្លាមៗនឹងវាកម្ទេចចោលដោយគ្មានការយោគយល់ឡើយ។ 

ចំណែកពលរដ្ឋបានលើកឡើងថាបើទោះបីជានៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានហាមឃាត់មិនឲ្យមានការសាងសង់សំណង់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានឧទ្យានអង្គរខ្លះមានផ្ទះសាងសង់ជាច្រើនផងដែរ តែមិនដឹងថាមានលិខិតអនុញ្ញាតដែរឬយ៉ាងណានោះឡើយ៕ដោយ៖ប្រាថ្នា


ចែករំលែក៖