ភ្នំពេញ៖ ចាប់តាំងពីជ្រកក្រោមដំបូលផលិតកម្មរួមគ្នាមក សុវត្ថិ មុនីនាគ និងកញ្ញា រ៉េត ស៊ូហ្សាណាទើបនឹងចាប់ដៃគូគ្នាច្រៀង និងសម្តែងរួមគ្នាលើកដំបូង។ ចាប់ផ្តើមចាប់ដៃគ្នាលើកទី១មែនប៉ុន្តែពួកគេហាក់បង្ហាញភាពស្និទ្ធិស្នាលគ្នាប្លែកខុសធម្មតា។
ស្រីស្អាតធ្មេញច្រពើស កញ្ញារ៉េត ស៊ូហ្សាណា ត្រូវបានហង្សមាស តម្រូវឲ្យចាប់ដៃគ្នាជាមួយកូនប្រុសទី២ លោកព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ ដោយពួកគេសម្ដែង MV ជាមួយគ្នា តាមរយៈបទ”សង្ស័យ”។ ស្របពេលដែលបទចម្រៀងមួយនេះកំពុងផ្ទុះការគាំទ្រខ្លាំង ភាពសង្ស័យរបស់អ្នកគាំទ្រថាអាចនឹងមានទំនាក់ទំនងស្នេហាក្រៅឆាករបស់តារាចម្រៀងទាំងពីរនាក់ក៏កើតមានឡើងផងដែរ។ អ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ថាពួកគេពិតជាសម គ្នាខ្លាំង។ រូបភាពស្និទ្ធស្នាលរបស់ពួកគេក៏កាន់តែដុតកម្តៅឲ្យភាសាខ្សឹបខ្សៀវកាន់តែរីកធំឡើង ពិសេសក្រោយពីតារាស្រី និងតារាប្រុសរូបនេះបានបង្ហាញភាសាផ្អែមល្ហែមបែបគូស្នេហ៍នោះ។ អ្នកគាំទ្រថាពួកគេ លេងស៊ីចង្វាក់គ្នាហើយរូបសម្រស់វិញ គឺស្រីស្រស់ប៉ះប្រុសសង្ហាតែម្ដង។ទោះជាយ៉ាងណាកន្លងទៅរ៉េត ស៊ូហ្សាណា ធ្លាប់ចាប់ដៃតារាចម្រៀងStep សម្ដែងជាតួឯកក្នុងរឿងភាគ ”បិសាចគួរឲ្យស្រលាញ់” ធ្វើឲ្យកេរឈ្មោះហក់ឡើងខ្លាំង រហូតត្រូវប៉ាន់ថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មធំៗជាច្រើន។
បើទោះបីជាក្លាយជាតារាចម្រៀងស្រីដែលលេចធ្លោរខ្លាំងទាំងការច្រៀងនិងសម្រស់ប៉ុន្តែរយៈពេល៤ឆ្នាំនៃការក្លាយជាតារាចម្រៀងអាជីព តារាស្រីរូបនេះមិនធ្លាប់ជំពប់នឹងរឿងអាស្រូវស្នេហាម្តងណាឡើយ ខណៈគេដឹងថាឪពុកនាងតែងតាមជាប់ស្អិតជានិច្ច។
គេនៅចាំមើលដែរថាតើកូនប្រុសតារាចម្រៀងព្រាប សុវត្ថិ នឹងអាចឆក់យកបេះដូងតារាស្រីវ័យក្មេងរូបនេះបានដែរឬយ៉ាងណា៕ ដោយ៖ វឌ្ឍនា