ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ចំនួន៣កន្លែង នៅស្រុកបាធាយ ឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីរសៀល កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលស្រុកបាធាយ និងអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធាពិសិដ្ឋព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតវៀតណាម) ចំនួន០៣ទីតាំង ក្នុងមូលដ្ឋាន ស្រុកបាធាយ ខេត្តកំពង់ចាម ជាក់ស្តែងឃាត់ខ្លួនមនុស្ស២នាក់ រីឯម្ចាស់ទីតាំងមួយទៀតគេចខ្លួនបាត់

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថាទីតាំងខាងលើនោះរួមមាន ទីតាំងទី០១ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះឡូត ស្រីពៅភេទស្រីអាយុ១៩ឆ្នាំជាតិខ្មែរ រស់នៅក្នុង ភូមិសង្កើប ឃុំសំបូរស្រុកបាធាយ ខេត្តកំពង់ចាម (ឃាត់ខ្លួនម្ចាស់ទីតាំង) និងដកហូតវត្ថុតាងរួមមាន ប៊ិចចំនួន០២ដើម _ សៀវភៅកត់លេខឆ្នោតចំនួន០១ក្បាល _ ក្រដាស់កាបូនចំនួន០៧សន្លឹក _ ក្រដាស់តារាងកត់លេខឆ្នោតចំនួន៧០សន្លឹក _ ប្រាក់រៀលចំនួន៨៤០០០០រៀល(ប្រាំបីសែនបួនម៉ឺនរៀល) _ ទូរស័ព្ទដៃចំនួន០៣គ្រឿង _ ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង _ កាបូបស្ពាយពណ៌ខ្មៅចំនួន០១

ទីតាំងទី០២ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះម៉ុល ម៉ាច ភេទស្រីអាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (គេចខ្លួនបាត់) ដកហូតវត្ថុតាងរួមមាន សៀវភៅកត់លេខឆ្នោតចំនួន០៣ក្បាល _ ក្រដាស់កាបូនចំនួន០២សន្លឹក _ ក្រដាស់កត់កន្ទុយលេខឆ្នោតមួយចំនួន _ ប៉ិចចំនួន០២ដើម _ ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង _ តារាងកត់លេខឆ្នោតចំនួន០២សន្លឹក

និងទីតាំងទី០៣ នៅចំណុចភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាមឃាត់ខ្លួនម្នាក់ .ឈ្មោះ ប្រាក់ ហ៊ាក ភេទស្រី អាយុ៥៥ ជាតិខ្មែរនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ដកហូតវត្ថុតាងរួមមាន សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន០១ក្បាល _ ក្រដាស់តារាងកត់លេខ ឆ្នោតវៀតណាមចំនួន១៧សន្លឹក ប៉ិចចំនួន០២ដើម ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង

ប្រភពដដែលបានបន្តថា ដោយមានសំណូមពរពីក្រុមគ្រួសារ និងដោយឈ្មោះប្រាក់ ហ៊ាក មានជំងឺប្រចាំកាយរាំរ៉ៃ (លើសឈាម , ទឹនោមផ្អែម , បេះដូងរីក ) ហេតុនេះលោក សុធា ពិសិដ្ឋ សម្រេចឲ្យធ្វើការអប់រំ ត្រឡប់ទៅមូលដ្ឋានវិញ

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបទបញ្ជារបស់លោក សុធាពិសិដ្ឋព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមដោយ៖សហការី


ចែករំលែក៖