ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍លើ Facebook ផ្លូវការថា៖ ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់នៃការវិលត្រឡប់និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជាដែលរៀបចំដោយអង្គការសហប្រជាជាតិ។
នៅព្រឹកនេះខ្ញុំបានសម្រេចឡើងវិញគឺមិនសុំពន្យារពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជានិងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ។
សម្តេចបានថ្លែងបន្តថា៖ ការរៀបចំពេលវេលារបស់អង្គការសហ
ប្រជាជាតិបានផ្តល់ឱ្យយើងរៀបចំការធ្វើចត្តាឡីស័កបានងាយស្រួលដើម្បីទប់ស្កាត់ការនាំចូលកូវីដ-១៩មកក្នុងប្រទេសនោះគឺ៖
១.មកពីប្រទេសម៉ាលី ខែកញ្ញា២០២០
២.ស៊ូដង់ខាងត្បូង ខែតុលា២០២០
៣.អាហ្រ្វិកកណ្តាល ខែវិច្ឆិកា២០២០
៤.លីបង់ ខែមករា២០២១
សម្តេចសូមនាយទាហាននាយទាហានរងនិងពលទាហានដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើរៀបចំខ្លួនដើម្បីវិលត្រឡប់និងសូមនាយទាហាននាយទាហានរងនិងពលទាហានដែលនឹងត្រូវ ទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិនិងអង្គការសហប្រជាជាតិ។
សម្តេចមានប្រសាសន៍លើកឡើងថា៖ បើទោះបីកម្ពុជាជាប្រទេសក្រីក្រនិងកំពុងប្រឈមជាមួយកូវីដ-១៩បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅកំពុងមានការវាយលុកដោយកូវីដ-១៩ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពរបស់ខ្លួនមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ។
សម្តេចថ្លែងថា៖ យើងចូលរួមដោយស្ម័គ្រចិត្តនិងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ៕
ដោយ៖ សុខ ខេមរា