ខេត្តមណ្ឌលគិរី៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមានករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចផ្លូវលំស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ភ្លាមនោះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកែវសីមា និង កម្លាំងប៉ុស្តិ៍នគរបាលស្រែខ្ទុម បើកប្រតិបត្តិការពួនស្ទាក់ នៅថ្ងៃអាទិត្យ ១២រោចខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងទី១៦ ខែសីហា ឆ្នាំ២០២០ នាវេលាម៉ោង១១និង៥៨នាទីព្រឹក ជាក់ស្តែងឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងលាក់ទុកអាវុធខុសច្បាប់ ។
តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្រេង វី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមាន ស្រុកកំណើត រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រភពដដែលបន្តថា នៅពេលដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស្រេង វីរួចនាំមកសាកសួរ ទើបបន្តនីតិវិធីធ្វើកាឆែកឆេរក្នុងលំនៅឋានជនសង្ស័យម្នាក់ទៀតមានឈ្មោះ វណ្ណា វន្នី រកឃើញថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ព្រមទាំងដាវកែច្នៃចំនួន ០១ដើម។
បន្ទាប់ពីប្រតិបត្តិការសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន (ice)លាយរួច ចំនួន១កញ្ចប់តូច ។ ទូរសព្ទ័ដៃចំនួន ០២គ្រឿង ម៉ាក់iPhone០១គឿង Vphone ខូចចំនួន០១គ្រឿង និងប្រាក់រៀលចំនួន៨៦០.០០០៛( ប៉ែតសិបប្រាំមួយមុឺនរៀល) / ប្រាក់ដុល្លារ១១០$ ( មួយរយដប់ដូល្លារ) / ប្រាក់ដុង២០០.០០០( ពីរសែនដុង) លោហៈធាតុពណ៌លឿងកងដៃចំនួន០៨ និងលោហៈធាតុពណ៌លឿងក្រវិលចំនួន០២លោហៈធាតុពណ៌សចិញ្ចៀនចំនួន០២និង ម៉ូតូចំនួន០១ គ្រឿង ( ម៉ាក AR blade ) ។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមាកំពុងថែរក្សារទុកនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ដោយ៖ស តារា