ព័ត៌មានទាន់ហេតុការណ៍៖

គ្រូInter Milan ថាShakhtar Donetsk គឺជាគូប្រកួតដែលពិបាកយកឈ្នះបំផុត

ចែករំលែក៖

លោក  Antonio Conte គ្រូបង្វឹករបស់ក្រុម Inter Milanបានថ្លែងនៅក្នុងសន្និសីទការសែតមុនការប្រកួត Europa Leagueយប់នេះថា ក្រុមយក្សរបស់អ៊ុយគ្រែន ShakhtarDonetsk គឺជាគូប្រកួតដែលពិបាកនឹងយកឈ្នះខ្លាំងណាស់។

មុនឈានមកដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុម Inter Milanបានទំលាក់ក្រុមអេស្ប៉ាញ Getafe និងជើងខ្លាំងអាល្លឺម៉ង់ Bayer Leverkusen ចំណែកShakhtarក៏បានយកឈ្នះលើក្រុម អាល្លឺម៉ង់Wolfsburg និងជើងខ្លាំងស្វីសBasel ផងដែរ។

អតីតគ្រូបង្វឹកក្រុមតោខៀវ លោកAntonio Conteក៏បាននិយាយថា “ពួកយើងមិនអាចមើលស្រាលក្រុមShakhtarបានឡើយ។ ពួកគេគឺជាក្រុមខ្លាំងបំផុតមួយដែលយើងត្រូវប៉ះនៅក្នុងកម្មវិធីEuropa Leagueនេះ។ ពួកយើងទាំងពីរក្រុមស៊ុទ្ធតែផ្តួលក្រុមខ្លាំងៗជាច្រើនទើបអាចឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ទោះបីជាយ៉ាងណាគោលដៅរបស់ពួកយើងរៀងខ្លួន គឺឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។”

ចំណែកកីឡាករAshley Youngអតីតខ្សែការពារស្លាបរបស់បិសាចក្រហមManchester Unitedបានប្រាប់អ្នកសារព័ត៌មានថា “អ្វីដែលយើងផ្តោតជាចម្បងនៅពេលនេះគឺការប្រកួតជាមួយនឹងក្រុមShakhtar យើងពុំទាន់គិតរឿងអ្វីផ្សេងក្រៅពីនេះនោះទេ។”

ចំណែក​គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់Luis Castroរបស់ក្លិបShakhtarបាននិយាយវិញថា “ខ្ញុំពិតជាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតជាមួយនឹងក្រុមខ្លាំងៗ ហើយវាកាន់តែពិបាកពេលប៉ះក្រុមInter Milan ហេតុដូចនេះយើងមានតែធ្វើអារម្មណ៍ឲ្យស្ងប់និងត្រៀមឲ្យរួចរាល់សម្រាប់ការប្រកួតយប់នេះ។”

រងចាំមើលទាំងអស់គ្នាថាតើក្រុមមួយណាដែលអាចឡើងទៅប៉ះក្រុម Sevillaនៅវគ្គផ្តាច់ព្រ័ត្រ ៕ដោយ៖ភារៈ


ចែករំលែក៖