ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមេម៉ាយត្រូវមន្រ្តីនគរបាលពាក់ស័ក្តិ២ម្នាក់ ចាប់រំលោភនៅក្នុងផ្ទះមិនទាន់ទទួលបានយុត្តិធម៌

ចែករំលែក៖

      ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីនគរបាលពាក់ស័ក្តិពីរម្នាក់នៅស្រុកជលគិរីត្រូវបាន ស្រ្តីម៉េម៉ាយក្នុងមូលដ្ឋានដាក់ពាក្យបណ្តឹង ចោទប្រកាន់ថាបានប៉ុនប៉ងរំលោភខ្លួននៅផ្ទះអ្នកក្បែរខាង ក្នុងពេលដែលខ្លួនដេកសម្រាកលង់លក់ ក្រោយពីផឹកស្រវឹង ហើយមកដល់ថ្ងៃទី១៧ខែសីហានេះនៅមិនទាន់ទទួលបានយុត្តិធម៌។ 

  នៅក្នុងពាក្យបណ្តឹងស្រ្តីរងគ្រោះបានប្តឹងចូលមកអធិការដ្ឋាននគរបាលស្រុកជលគិរីទាមទាររកយុត្តិធម៌ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដោយបានបញ្ជាក់ក្នុងពាក្យបណ្តឹងថា ករណីប៉ុនប៉ងរំលោភសេពសន្ទវៈនេះ គឺបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានផឹកស៊ីរួច ។

  ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ មន្រ្តីនគរបាល ឈ្មោះ រ៉ាន់ ពាក់ស័ក្តិ២ នៅផ្នែកអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគរបាលស្រុកជលគិរី បានបបួលនាងផឹក នៅផ្ទះមួយកន្លែង នៅក្បែរមណ្ឌលសុខភាព ស្ថិតនៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលផឹកស៊ីនោះក៏មានស្រ្តីម្នាក់ឈ្មោះនី ផឹកជាមួយដែរ ដោយចាប់ផ្តើមផឹកស៊ីតាំងពីវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១១ ខែសីហា  ។រហូតដល់ម៉ោងប្រមាណជាង៧យប់ ស្រ្តីរងគ្រោះបានប្រាប់ទៅមន្រ្តីនគរបាល និង មិត្តភក្តិឈ្មោះនី នោះថារូបគេស្រវឹង សុំចូលទៅដេកមុនហើយ ។បន្ទាប់ពីចូលទៅដេក មន្រ្តីនគរបាលរូបនោះនៅបន្តផឹកជាមួុយឈ្មោះនី ហើយក្រោយពីផឹកចប់ស្រ្តីជាមិត្តភក្តិឈ្មោះនី បានទៅផ្ទះរបស់ខ្លួន ។ ក្រោយពីគេទៅផ្ទះអស់ ឈ្មោះរ៉ាន់ ដែលជាមន្រ្តីនគរបាលរូបនេះ បានចូលតាមបង្អួច បានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភនាង ប៉ុន្តែត្រូវនាងរើបំរាស់ប្រតាយប្រតប់គ្នា និងខាំទៅបុរសរូបនេះផងដែរ និង ស្រែកឆោឡោឡើង រហូតដល់ឈ្មោះនីដឹង រួចសួរថា មានរឿងអី ហើយជនរងគ្រោះបានប្រាប់ អារ៉ាន់ចាប់រំលោភ ពេលនោះបានផ្អើលដឹងដល់អ្នកជិតខាង ហើយមន្រ្តីនគរបាលនោះបានចេញទៅផ្ទះបាត់ ។ ពេលនោះស្រ្តីមេម៉ាយនេះបានដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលស្រុកជលគិរី ដើម្បីទាមទាររកយុត្តិធម៌ រហូតមកដល់ពេលនេះនៅពុំទាន់បានពន្លឺនៃយុត្តិធម៌នោះទេ ដោយសារតែជនបង្កនៅតែមានសេរីភាពធម្មតាមិនទាន់បានមកសួរនាំនៅឡើយនោះទេ ។

  ពាក់ព័ន្ធនិងករណីនេះ  អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អ៊ៀរ ប៊ុនធឿនបានប្រាប់នគរវត្តនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះថា ករណីមន្រ្តីនគរបាលប៉ុនប៉នរំលោភស្រ្តីរងគ្រោះនោះពិតជាមានមែន នៅពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកយុត្តិធម៌ហើយ ។ ប្រសិនបើធ្វើការស្រាវជ្រាវមានករណីនេះពិតប្រាកដមែនយើងនិងអនុវត្តតាមនីតិវិធី ។

  តាមប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋាននេះបានឲ្យដឹងថា កន្លងមកមន្រ្តីនគរបាលឈ្មោះរ៉ាន់ និងស្រី្តរងគ្រោះធ្លាប់បានទំនាក់ទំនងជាមួយគ្នានិងទៅណាមកណាជាមួយគ្នាញឹកញាប់ និង ក៏ធ្លាប់រស់នៅជាមួយគ្នាពីរ ទៅបីដងមកហើយដែរ  ប៉ុន្តែនៅពេលនេះ មិនដឹងជាយ៉ាងម៉េចនោះទេ បានជាមានរឿងនេះកើតឡើង។

គេថាទំពក់វារទៅទើបព្នៅវារមក ដែលគេសង្ស័យថា អាចមានអ្នកនៅពីក្រោយនៃរឿងនេះទើបស្រ្តីរងគ្រោះដាក់ពាក្យប្តឹងបែបនេះ ។

  ប៉ុន្តែបើតាមប្រភពក្រៅផ្លូវការ វិញថា ស្រ្តីរងគ្រោះព្រមទទួលសំណងហើយ ប៉ុន្តែមិនដឹងថា ចំនួនប៉ុន្មាននោះទេ ៕ ដោយ៖ចន្ថា


ចែករំលែក៖