ខេត្តពោធិ៍សាត់ ៖ គួរឲ្យសង្វេគណាស់ខណ:ឪពុកម្ដាយធ្វើចំណាកស្រុកដើម្បីរកប្រាក់ចិញ្ចឹមក្នុងគ្រួសារហើយបានទុកកូនៗឲ្យនៅផ្ទះ តែជាអកុសលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ដែលករណីនេះគេសង្ស័យបណ្ដាលមកពីភ្លើងចង្ក្រាន ។
ហេតុការណ៍អគ្គិភ័យឆាបឆេះលំនៅឋានដ៏រន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង១ រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅម្ដុំខាងលិចវត្តប្រហាល ស្ថិតនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ងួន ភឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានប្រពន្ធ និងកូនប្រុសស្រីជំទង់ៗចំនួន ៤នាក់ក្នុងក្នុងបន្ទុក។ រាល់ថ្ងៃនេះប្ដីប្រពន្ធជាម្ចាស់ផ្ទះបានទៅធ្វើការងារនៅប្រទេសថៃបាត់ ដោយទុកកូនៗជំទង់៤នាក់ឲ្យនៅថែរក្សាផ្ទះសម្បែង ។
ប្រភពព័ត៌មានពីអ្នកភូមិខាងលើបន្តថា ផ្ទះសម្បែងត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងទំហំ ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដារ ដោយសារក្មេងៗដាំស្លរួចមិនពន្លត់ភ្លើងធ្វើឲ្យភ្លើងឆេះរាលដាលដល់ផ្ទះឆេះខ្ទេច។
រីឯសម្ភាររងការខូចខាតរួមមាន អង្ករចំនួន៥០គីឡូក្រាម ជីបាចស្រូវចំនួន៣ការ៉ុង ម៉ាស៊ីនបូមទឹក១គ្រឿង កាតគ្រីម៉ូតូ១សន្លឹក សៀវភៅគ្រួសារ(ក៤)១ក្បាល ប្លង់ដី១សន្លឹក ទូរទស្សន៍១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន ។
ក្មេងៗម្ចាស់ផ្ទះប្រាប់ថាករណីនេះបណ្ដាលមកពីភ្លើងចង្ក្រានព្រោះពួកគេដាំស្លរួចភ្លេចពន្លត់ភ្លើង ។លុះពេលនាំគ្នាហូបបាយពេលល្ងាចរួចក៏នាំគ្នាទៅដេកផ្ទះអ៊ុំដូចសព្វមួយដងអស់ទៅ ។បន្ទាប់មកក៏ត្រូវបានភ្លើងឆេះបែបនេះតែម្តង។
យ៉ាងណាគ្រោះអគ្គិភ័យនេះគេឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះសួរនាំដើម្បីធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើផងដែរ ៕ ដោយ៖ បុឹម ពិន