ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៣នាក់ ករណីចាប់ជម្រិតទារប្រាក់ពីស្រ្តីជនជាតិចិនថៅកែហាងលក់សម្លៀកបំពាក់

ចែករំលែក៖

      ខេត្តព្រះសីហនុ ជនជាតិចិន៣នាក់ បានធ្វើសកម្មភាពចាប់ជម្រិតទារប្រាក់ពីស្រ្តីជនជាតិចិនថៅកែហាងលក់សម្លៀកបំពាក់ នៅខេត្តព្រះសីហនុ យកទៅទុកខ្លួនបាន៤ថ្ងៃក្រោយ ត្រូវកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោនជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនទាំង៣នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋដែលជាអ្នករត់ឡាំប្រឺតា (PASS APP) បានទូរស័ព្ទប្តឹងរាយការណ៍ថា មាននារីជនជាតិចិនម្នាក់ បានបើករថយន្តរបស់គាត់ម៉ាកRANGE ROVER ពណ៌ស មកចតនៅកៀនហាងលក់សំលៀកបំពាក់របស់គាត់ដែលមានស្លាកយីហោ COCO ស្ថិតនៅភូមិ២សង្កាត់២ក្រុងខេត្តព្រះសីហនុ ភ្លាមនោះស្រាប់តែមានជនជាតិចិនមួយក្រុមមានគ្នា៤នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ មកឈប់ក្បែររថយន្តរបស់នារីរងគ្រោះជាជនជាតិចិន ដែលជាថៅកែហាង COCO ហើយក៏មានជនជាតិចិន៣នាក់ បានចុះពីរថយន្តម៉ាកហាយឡេនឌ័រ មកចាប់នារីជនជាតិចិននោះ ខ្ទប់មាត់បោះចូលក្នុងរថយន្តរបស់ពួកវា រួចជិះគេចខ្លួនបាត់។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍សង្កាត់២ ចុះទៅដល់កន្លែងកើតហេតុ និងត្រួតពិនិត្យមើលកាំមេរ៉ាសុវត្តិភាពឃើញថាពិតជាមានករណីចាប់ខ្លួននារីជនជាតិចិនដែល ជាថៅកែហាងលក់សំលៀកបំពាក់ COCO ចូលទៅក្នុងរថយន្ត ១គ្រឿង ម៉ាកហាយឡេនឌ័រ ពិតប្រាកដមែន ទើបកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់វិធានការជំនាញ និងស្ទាក់គ្រប់គោលដៅសំខាន់ៗ ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់។

លុះរហូតដល់វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០កម្លាំងជំនាញរកបានតម្រុយដែលរថយន្តជនសង្ស័យជិះគេចខ្លួនទៅស្រុកស្ទឹងហាវ ទើបធ្វើការរុករករហូតរំដោះបានជនរងគ្រោះដែលត្រូវជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅក្នុងព្រៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រីឯជនសង្ស័យបានរត់គេចខ្លួនអស់។ ក្រោយពីរំដោះជនរងគ្រោះរួចហើយ កម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ១នាក់ នៅចំណុចសណ្ឋាគារ និងកាស៊ីណូរ៉ូយ៉ាល់លីហ័រស្ថិតនៅក្រុម១៣ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ព្រមទាំងដកហូតបានរថយន្តម៉ាក ហាយឡេនឌ័រពណ៌ទឹកប្រាក់ មានស្លាកលេខភ្នំពេញ 2K-7388 ដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាពចាប់ជម្រិតជនរងគ្រោះ។

ក្រោយឃាត់ខ្លួនធ្វើការពីសាកសួរជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចបន្តចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី នៅចំណុចកែងផ្លូវ LV ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។

មន្រ្តីនគរបាលដដែលបន្តទៀតថា ជនសង្ស័យទាំង៣នាក់ រួមមានទី១៖ឈ្មោះ WANG XIAO ZHANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនមុខរបរ បុគ្គលិកហាងលក់អំពូលភ្លើងសូឡា កាន់លិខិតឆ្លងដែនលេខៈEH7330702 (មិនបានយកតាមខ្លួន) ស្នាក់នៅសណ្ឋាគារកាស៊ីណូ រ៉ូយ៉ាល់លីហ័រ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ, ទី២៖ ឈ្មោះ RAN FU CHUAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងហាងបាយ HUAN LE គ្មានលិខិតឆ្លងដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣សង្កាត់៣ ក្រុងខេត្តព្រះសីហនុ និងទី៣៖ឈ្មោះ JIANG HONG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកទិញឥវ៉ាន់ហាងបាយHUAN LE គ្មានលិខិតឆ្លង ដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ក្រុងខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះឈ្មោះ WU JIAJIA ភេទស្រីអាយុ៤២ឆ្នាំ ជាជនជាតិចិនមុខរបរលក់សំលៀកបំពាក់ ស្នាក់នៅភូមិ២សង្កាត់២ ក្រុងខេត្តព្រះសីហនុ មានស្នាមរងបួសដាច់រលាត់ស្បែកបន្តិចបន្តួច (រងរបួសស្រាល)

ដោយឡែកវត្ថុតាងចាប់យកបានរួមមាន៖ រថយន្ត១គ្រឿង ម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2K-7388 (មធ្យោបាយធ្វើសកម្មភាពចាប់ជំរិត)និងក្នុងរថយន្តមានសម្ភារមួយចំនួន, រថយន្ត១គ្រឿង ម៉ាកTUNDRA ពណ៌ស ស្លាកលេខភ្នំពេញ 2AY-0176, ដំបងដែករលាស់១ដើម, ខ្សែដៃអង្កាំ, ចិញ្ចៀន១វង់, ស៊ីមទូរស័ព្ទដៃ១, នាឡិកាដៃ២និងបំពង់ប្រើប្រាស់គ្រឿងញៀន១ និងទូរស័ព្ទដៃចំនួន៧គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី


ចែករំលែក៖