ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩-២៥សីហា សូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយយម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្តីពី ស្ថានភាពធាតុអាកាស ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីប្រទេសថៃ ដោយ ឆ្លងកាត់ប្រទេសឡាវ និងវៀតណាម ។ ខណៈនោះ ក៏មានវិសម្ពាធទាប មួយបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលអាចវិវត្តទៅជាព្យុះទី ៧ ។ ព្យុះនេះ នឹងរលាយពេលដើរចូលដល់លើភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២០ ខែសីហា ។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១ ៖បណ្ដាខេត្តទៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ១៥-២៧°C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។
បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀង រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន ក្នុងនោះ
ក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង ។ ដោយឡែក បណ្តាខេត្តដទៃ ទៀតអាចមានភ្លៀងពីខ្សោយទៅបង្គួរ ។
២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C – សីតុណ្ហភាពអតិបរមា មានពី ១៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងនោះ ផ្នែកមួយចំនួន នៃបណ្តាខេត្តជាប់តំបន់ជួរ ភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ខ្លាំង
៣-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ៦៦-២៨°C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°c ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន។ បណ្តាខេត្តនៅភាគពាយព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនជាបន្ត ចាប់ពីថ្ងៃទី២២-២៤ខែសីហា ឆ្នាំ២០២០៕
ដោយ៖ សុខ ខេមរា