ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែCOVID-19 ធ្វើឲ្យផលិតកម្មប្រេងដូងម៉ាឡេស៊ី កំពុងជួបបញ្ហាកង្វះកម្លាំងពលកម្ម

ចែករំលែក៖

អន្តរជាតិ៖ ដោយសារតែវិបត្តិសកលនៃជំងឺ COVID-19 បានធ្វើឲ្យឧស្សាហកម្មដូងប្រេងម៉ាឡេស៊ី កំពុងពើបប្រទះនឹងកង្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឲ្យក្រុមហ៊ុនឧស្សាហកម្មទាំងនោះ ពិចារណាឡើងវិញចំពោះការពឹងផ្អែកខ្លាំងពេកលើកម្លាំងពលកម្មបរទេស។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ ដែលបានដកស្រង់ចេញពីសមាគមប្រេងដូងម៉ាឡេស៊ី (MPOA) បានអះអាងថា វិធានការរឹតត្បិតនានាដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺCOVID-19 បានធ្វើឲ្យប្រទេសផលិតប្រេងដូងធំជាងគេទី២ លើពិភពលោកមួយនេះ កំពុងជួបប្រទះនឹងបញ្ហាកង្វះកម្មករប្រមាណ ៣៧,០០០នាក់ ដែលស្មើជិត ១០ភាគរយនៃកម្លាំងពលកម្មសរុប។

ជាក់ស្តែងនៅចំពោះបញ្ហាប្រឈមនេះ ក្រុមអ្នកផលិតប្រេងដូងរបស់ម៉ាឡេស៊ីបាននិងកំពុងចាប់ផ្តើមជំរុញការជ្រើសរើសពលករក្នុងស្រុកមកជំនួស ដើម្បីឆ្លើងតបនឹងតម្រូវការបច្ចុប្បន្ន ខណៈរដូវប្រមូលផលនៅឆ្នាំនេះនឹងឈានមកដល់ នៅខែកញ្ញាវិច្ឆការខាងមុខនេះ។

អ្នកគ្រប់គ្រងផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុនផលិតប្រេងដូង Sime Darby Plantation លោក Imran បានប្រាប់ទីភ្នាក់ងារសារព័ត៌មានReuters ថា«នេះជាលើកទីមួយហើយដែលយើងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជ្រើសរើសពលករជាជនជាតិម៉ាឡេស៊ី ហើយក៏ជាលើកទី១ ដែរ ដែលយើងកំពុងប្រឈមមុខនឹងជំងឺ COVID-19»

គួរបញ្ជាក់ថា ផលិតកម្មប្រេងដូងគឺជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងធំលំដាប់ទី២លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែលកម្មករភាគច្រើនដែលបំបម្រើការលើវិស័យនេះ គឺជាជនបរទេស៕ដោយ៖ស តារា


ចែករំលែក៖