ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកែបដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យអាជីវករលក់អីវ៉ាន់ឲ្យភ្ញៀវថ្លឹងមិនគ្រប់គីឡូ អាចប្រឈមនឹងការបិទកន្លែងអាជីវកម្ម

ចែករំលែក៖

    ខេត្តកែប៖យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ​ ទី១៧​ ខែសីហា​ ឆ្នាំ​២០២០ លោកសោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានដឹកនាំមន្រ្តីជំនាញ​ និងយុវជនចុះត្រួតពិនិត្យការរៀបចំជញ្ជីងយុត្តិធម៌​នៅផ្សារក្តាម​ ដើម្បីទទួលបានតម្លាភាពទាំងអ្នកទិញ​ ទាំងអ្នកលក់​។

ក្នុងការចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយមន្រ្តីជំនាញនាថ្ងៃនេះ លោកអភិបាលខេត្តកែបមានប្រសាសន៍ថា រូបលោកផ្ទាល់តែងតែឮពាក្យថា អាជីវករនៅផ្សារក្តាមខេត្តកែបលក់ដូរកោរភ្ញៀវមិនដាក់ទឹកទេ ហើយថ្លឹងទំនិញឲ្យភ្ញៀវមិនគ្រប់គីឡូទៀត។ ខណៈពេលនេះ រដ្ឋបាលខេត្ត បានចាត់មន្រ្តីជំនាញមកដាក់បន្ថែមទៀតនូវទីតាំងជញ្ជីងយុត្តិធម៌ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងផ្សាក្តាម ហេតុនេះសូមបងប្អូនភ្ញៀវទេសចរលែងមានក្តីបារម្ភទៀតទៅ។ពេលដែលទិញទំនិញពីអាជីវករនៅផ្សារក្តាមហើយបងប្អូនមានការសង្ស័យថាទំនិញមិនគ្រប់គីឡូ បងប្អូនអាចយកមកដាក់ថ្លឹងនៅជញ្ជីងយុត្តិធម៌ទាំងនេះបានដោយឥតគិតថ្លៃ ឡើយដែលមានចំនួន​៤ទីតាំង​នៅផ្សារក្តាម​នេះ ។

អភិបាលខេត្តបានបន្ថែមទៀតថា ករណីដែលមន្ត្រីជំនាញរកឃើញថា មានអាជីវកររូបណាលក់អីវ៉ាន់ឲ្យភ្ញៀវដោយបានក្លែងបន្លំមិនគ្រប់គីឡូ អាជីវកររូបនោះនឹងទទួលនូវការពិនយ័ពីរដ្ឋបាលខេត្ត ឬបិទកន្លែងអាជីវកម្ម និងអាចទទួលខុសត្រូវជាមួយច្បាប់ទៀតផង។

បន្ទាប់ពីបានត្រួតពិនិត្យទីតាំងដាក់ជញ្ជីងយុត្តិធម៌រួចមក អភិបាលខេត្ត និងក្រុមការងារ បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយពីវិធានការការពារ​ជំងឺកូវីដ-១៩ ព្រមទាំងបានចែកម៉ាស់ និងខិត្តប័ណ្ណផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ​ និងភ្ញៀវទេសចរជាតិ​ អន្តរជាតិដែលមកកម្សាន្តនៅខេត្តកែបផងដែរ ៕ដោយ៖អរុណរះ


ចែករំលែក៖