រដ្ឋាភិបាលថៃ បានសម្រេច កែទម្រង់រដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយភាពតានតឹង ខណៈក្រុមនិស្សិតបាននាំគ្នាធ្វើបាតុកម្ម ទាមទារកែទម្រង់រដ្ឋធម្មនុញ្ញ និងស្នើឲ្យរដ្ឋាភិបាលលាលែងពីតំណែង។
ប្រធានរដ្ឋសភាថៃលោក Chuan Leekpai បានយល់ព្រមសំណើរស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ មាត្រាទី២៥៦ ដើម្បីបើកផ្លូវឲ្យបង្កើតគណៈកម្មការ ព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី ធ្វើឡើងដោយគណបក្សប្រឆាំង។ គណបក្សដែលចូលរួម សរសេររដ្ឋធម្មនុញ្ញថ្មីកែទម្រង់ មាន គណបក្សភឿថៃ គណបក្ស Prachachat, Puea Chat, Thai People Power និងគណបក្ស Seriruamthai។
តាមមាត្រា ទី២៥៦ នៃច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរ កែទម្រង់រដ្ឋធម្មនុញ្ញ គឺត្រូវ ទទួលបានការគាំទ្រយ៉ាងតិច១ភាគ៣ នៃសមាជិកព្រឹទ្ធសភា ឬ សមាជិករដ្ឋសភា៨៤រូប។ក្នុងពេលជាមួយគ្នានេះដែរ ប្រធានព្រឹទ្ធសភា ថៃ លោក Pornpetch Wi-chitcholchai បានច្រាលចោលសំណើរពីក្រុមនិស្សិតឲ្យរំលាយរដ្ឋសភា បោះឆ្នោតជាថ្មី។
កាលពីថ្ងៃទី១៧ខែសីហា នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា បានច្រាលចោលការអំពាវនាវរបស់ក្រុមបាតុករនិស្សិត រំលាយរដ្ឋសភា កែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញ មាត្រាទី ២៦៩ និង ២៧២នៃច្បាប់ រដ្ឋធម្មនុញ្ញជាតិ។សកម្មភាពខាងលើរបស់រដ្ឋាភិបាលថៃ គឺដើម្បីបញ្ជប់ ការធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលនៅទីក្រុងបាងកក ជាច្រើនថ្ងៃកន្លងមក៕ដោយ៖ធី រីណា