អន្តរជាតិ៖ លោក Vitaly Saveliev អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍Aeroflot បានឲ្យដឹងថា រុស្ស៊ីបានពិភាក្សាតភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសចិននិងវៀតណាម។
លោក Vitaly Saveliev បានបញ្ជាក់ថា «យើងកំពុងតែពិភាក្សាជាមួយចិននិងវៀតណាម ហើយជើងហោះហើរនឹងត្រូវបើកដំណើរការឡើងវិញ។ កន្លងមកយើងបានហោះហើរទៅកាន់តែ៤ប្រទេសប៉ុណ្ណោះ»។
លោក Vitaly Saveliev បន្តទៀតថា ដើម្បីតភ្ជាប់ជើងហោះហើរឡើងវិញចាំបាច់ត្រូវតែមានទំនុកចិត្ត ពីកម្រិតសុវត្ថិភាពរាល់ជើងហោះហើរនីមួយៗ។ ការហោះហើរក្នុងរដូវកាលកូវីដ-១៩ គឺត្រូវតែធ្វើឲ្យប្រទេសជាដៃគូមានភាពជឿជាក់។
លើសពីនេះទៅទៀត អគ្គនាយកក្រុមហ៊ុនAeroflot បានឲ្យដឹងថា មានប្រទេស២ក្នុងតំបន់អឺរ៉ុបបានស្នើតភ្ជាប់ជើងហោះហើរជាមួយរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនAeroflotបានបដិសេធ។ ចាប់តាំងពីថ្ងៃទី១ខែសីហា រុស្ស៊ីបានតភ្ជាប់ជើងហោះហើរអន្តរជាតិក្រោយពីបានផ្អាកតាំងពីចុងខែមីនា ។ នៅពេលនេះដែរ ជើងហោះហើរទៅកាន់ប្រទេសអង់គ្លេស Tanzania តួកគី ស្វុីសទទួលបានការអនុញ្ញាតហោះហើរផងដែរ៕ដោយ៖ធី រីណា