ប្រទេសហ្វុីលីពីន៖ នៅថ្ងៃទី១៨ ខែសីហា ក្រសួងសុខាភិបាលហ្វុីលីពីនបានប្រកាសថា មានចំនួនអ្នកឆ្លងកូវីដ-១៩ ដល់ទៅ៤.៨៣៦នាក់ ក្នុងរយៈពេល២៤ម៉ោង ហើយជាករណីឆ្លងថ្ងៃទី៧ហើយ ដែលមានចំនួនអ្នកឆ្លងលើសពី៣ពាន់នាក់ក្នុងមួយថ្ងៃ។
គិតមកដល់យប់ថ្ងៃទី១៨ខែសីហា ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះមានដល់ទៅ១៦៩.២១៣នាក់ និងអ្នកស្លាប់កើនឡើងដល់២.៦៨៧នាក់ ។ កាលពីថ្ងៃទី ១៧ខែសីហាកន្លងមក ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានកាត់បន្ថយការរឹតត្បិតនៅទីក្រុងម៉ានីល និងខេត្តមួយចំនួននៅជិតខាងដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។
ចំណែកអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោក គិតត្រឹមម៉ោង៦និង៣០នាទីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៥ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២២,០៧៩,៩២៥នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៧៧៨,១០២នាក់បានស្លាប់បាត់បង់ជីវិត និង ១៤,៨១៤,០០១នាក់ផ្សេងទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន១៩១ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី១៨១៕ធី រីណា