ខេត្តបន្ទាយមានជ័យ៖ ទន្ទឹមនឹងមានករណីបាក់រលំដងសន្ទូចស្ទូចជញ្ជាំងបេតុងអគារផ្ទះល្វែងមួយកន្លែងនៅក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស៩នាក់ កន្លងមកនោះ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២០ក៏មានករណីបាក់រលំបង្កាន់ដៃជញ្ជាំងអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបុរីធ្វើឲ្យសង្កត់ក្មេងស្រីម្នាក់ស្លាប់ដែរ តែដូចជាមានភាពស្ងប់ស្ងាត់ ហើយរឿងនេះទើបតែបែកធ្លាយរូបនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២០នេះ។
បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចនគរបាលយុត្តិធម៌ថា៖ ករណីបាក់រលំបង្កាន់ដៃជញ្ជាំងអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន នេះ គឺបានបិទការស៊ើបអង្កេតហើយ ព្រោះជាគ្រោះថ្នាក់បង្កពីឧបទ្ទវហេតុ មិនមែនជាកំហុសរបស់អង្គភាពឬបុគ្គលណាម្នាក់នៅមន្ទីរពេទ្យនេះឡើយ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីម៉ោង៦និង៣០នាទីព្រឹកនៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២០កន្លងមក មានឈ្មោះបាន សំរេច ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានទៅមើលថែររក្សាម្តាយមានជំងឺសម្រាកនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ហើយគាត់បានយកអង្រឹងទៅចងនឹងភ្នាក់ដៃជញ្ជាំងថ្មនៃយ៉ខាងមុខអគារមួយរួចអង្គុយយោលជាមួយកូនតូចឈ្មោះសំរេច សៀវអា អាយុ១ឆ្នាំ ឯកូនស្រីម្នាក់ទៀតឈ្មោះសំរេច សៀវអឺ អាយុ៦ឆ្នាំនៅឈរលេងក្បែរចុងអង្រឹង ស្របពេលនោះស្រាប់តែជញ្ជាំងថ្មដែលមានបណ្តោយ១,២ម៉ែត្រនិងទទឹង១ម៉ែត្របានបាក់សង្កត់ទៅលើកូនស្រីឈ្មោះសៀវអឺ បណ្តាលឲ្យស្លាប់តែម្តង។
កន្លងមកបុគ្គលិកពេទ្យ បានណែនាំហើយហាមអ្នកជំងឺនិងអ្នកកំដរអ្នកជំងឺតោង អង្គុយលេង ឬ ចងអង្រឹងលើបង្កាន់ដៃអគារនោះព្រោះបារម្ភក្រែងមានគ្រោះថ្នាក់។
ប៉ុន្តែអ្នកជម្ងឺ និងក្រុមគ្រួសារបានរិះគន់ថា ករណីនេះ អង្គភាពមន្ទីរពេទ្យគួរតែសរសេរស្លាកបង្ការគ្រោះថ្នាក់និងហាមប៉ះពាល់បង្គាន់ដៃនោះ ឬក៏ជួសជុលជាមុនដើម្បីកុំឲ្យមានគ្រោះថ្នាក់ដូចមុនតទៅទៀត ។
ទោះជាយ៉ាងណា ក្រោយគ្រោះថ្នាក់នោះ ខាងគ្រូពេទ្យបានខ្នះខ្នែងជួយសង្គ្រោះកុមារីរងគ្រោះដែរ ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរពេកមិនអាចជួយបាន។ ជាមួយគ្នានោះដែរ មន្ទីរពេទ្យក៏បានចាត់តំណាងនាំយកថវិកាទៅចូលរួមធ្វើបុណ្យសពចំនួន១លានរៀលផងដែរ ។
ឯប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឲ្យដឹងថា ករណីនេះមន្ទីរមិនបានទទួលសេចក្តីរាយការណ៍ភ្លាមៗទេ ហើយទើបតែដឹងនៅពេលនេះ គឺជួនជាសមត្ថកិច្ចជំនាញយុត្តិធម៌បានបិទសំណុំរឿងទៅហើយ។
មន្ត្រីនគរបាលស្រុកមង្គលបុរីនិងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា ករណីបាក់ភ្នាក់ដៃជញ្ជាំងយ៉នៃអគារមន្ទីរពេទ្យខេត្តមិត្តិភាពកម្ពុជា- ជប៉ុន ស្រុកមង្គលបុរីបង្កឲ្យសង្កត់ស្លាប់ក្មេងស្រីនោះ ត្រូវបានសមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវយ៉ាងលម្អិត ហើយបានលទ្ធផលថាជាគ្រោះថ្នាក់ដោយឧបទ្ទវហេតុ ហេតុនេះបានជាសមត្ថកិច្ចបិទសំណុំរឿងនៃការស៊ើបអង្កេតតែម្តង៕ដោយ៖វណ្ណា