ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះរោងសិប្បកម្មដ៏ធំមួយកន្លែង មានតម្លៃរាប់ពាន់មុីនដុល្លារពេលម្ចាស់មិននៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង រោងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែងត្រូវបានភ្លើងឆាបឆេះសល់តែគំនរផេះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០វេលាម៉ោង២ៈ៣០នាទីយប់ធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមប្រភពព័ត៌មានពីកម្មករដែលស្នាក់នៅក្នុងរោងសិប្បកម្មបានប្រាប់សមត្ថកិច្ចឱ្យដឹងថា អគ្គិភ័យនេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើងទើបឆេះរាលដាលរោងសិប្បកម្មទាំងមូល។ពេលឃើញដូច្នេះក្រុមកម្មករបាននាំគ្នាយកទឹកជះពន្លត់ហើយកម្លាំងនគរបាលពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងក៏បានយករថយន្តជួយធ្វើអន្តរាគមន៍ផងដែរ ក៏ប៉ុន្តែដោយសារស្ថានភាពភ្លើងដែលឆាបឆេះមានទំហំធំធេងពេកធ្វើឲ្យការគ្រប់គ្រងមិនបាន គឺចាប់ផ្តើមតាំងពីវេលាម៉ោងជាង២រំលងអធ្រាត្ររហូតដល់ម៉ោង៥ព្រឹកទើបរលត់។

រោងសិប្បកម្មដ៏ធំមួយនោះគឺបាំងជញ្ជាំងក្តារនិងដំបូលប្រក់ស័ង្កសី ហើយនៅក្នុងរោងសិប្បកម្មនោះមានគ្រឿងសង្ហារិមតុទូសាឡុងដែលមានតម្លៃរាប់ពាន់ដុល្លារនៅសេសសល់ក៏ត្រូវបានភ្លើងឆេះរួមទាំងម៉ាស៊ីនសម្រាប់អារច្រៀកឈើ និងម៉ូទ័រសម្រាប់កែច្នៃ និងសម្អាតសម្ពារកែច្នៃមួយចំនួន។

អគ្គិភ័យដែលបានឆាបឆេះរោងសិប្បកម្មដ៏ធំនៅក្នុងក្រុងស្ទឹងត្រែងមួយនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីទំហំនៃការខាតបង់នៅឡើយទេបើគិតរហូតមកដល់ព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០។ 

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ម្ចាស់សិប្បកម្មឈ្មោះ សុខ ឃឿន គឺជាជនជាតិវៀតណាម ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្វចុះពិនិត្យរាប់សឹបដងរួចមកហើយ ហើយនៅក្នុងហេតុការណ៍ភ្លើងឆេះនោះត្រូវបានគេឲ្យដឹងថាម្ចាស់សិប្បកម្មខាងលើនេះពុំបាននៅកន្លែងកើតហេតុឡើយ ៕ដោយ៖ មាស សុផាត


ចែករំលែក៖