ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងឱកាសថ្ងៃឈប់សម្រាក

ចែករំលែក៖

   ខេត្តព្រះសីហនុ ៖ លោក សន កុសល អភិបាលរងក្រុងតំណាងលោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុបានដឹកនាំគណៈបញ្ជាការឯកភាពក្រុងចុះរៀបចំសណ្ដាប់ធ្នាប់នៅភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។

លោក សន កុសល អភិបាលរងក្រុងព្រះសីហនុបានមានប្រសាសន៍ថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះគឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំថ្មីដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុរបស់យើង។

លោកអភិបាលរងក្រុងបានបន្តទៀតថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះគឺលោកបានធ្វើទូទាំងក្រុងតែម្តង ទាំងការធ្វើចរាចរណ៍នៅលើដងផ្លូវទាំងសណ្ដាប់ធ្នាប់តាមដងផ្លូវដូចជាការទុកដាក់សម្ភារសំណង់លើចំណីផ្លូវ ការចតរថយន្តយានយន្តលើចិញ្ចើមផ្លូវជាដើម។ ចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់នេះ ក៏មានប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នាបានគាំទ្រ និងលើកទឹកចិត្តឲ្យមានការអនុវត្តបន្តទៅទៀត ដើម្បីឲ្យសោភណភាពទីក្រុងព្រះសីហនុរបស់យើងទាំងអស់គ្នាក្លាយជាទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាត នាទិសនិរតីនៅពេលអនាគតដ៏យូរអង្វែង៕

ដោយ៖អរុណរះ


ចែករំលែក៖