ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំហុងកុង មិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះលោកស្រី ការីឡាំ មេដឹកនាំហុងកុង បានប្រកាសថា ខ្លួនមិនខ្វាយខ្វល់ពីទណ្ឌកម្មរបស់អាមេរិក ដែលបានដាក់មកលើលោកស្រី ប៉ុន្តែហុងកុង នឹងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) ជុំវិញបញ្ហាអាមេរិកចង់ដាក់ទំនិញរបស់ហុងកុង ជាទំនិញរបស់ចិន បន្ទាប់ពីផុតថ្ងៃទី២៥ ខែកញ្ញា

លោកស្រីការី ឡាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដោយអះអាងថា បើទោះបីជាមានផលវិបាកមួយចំនួន ធ្លាក់លើរឿងផ្ទាល់ខ្លួនរបស់លោកស្រីក៏ដោយ ប៉ុន្តែលោកស្រីមិនបារម្ភពីបញ្ហានោះឡើយ បើតាមការអះអាងរបស់មេដឹកនាំរូបនេះ បញ្ហាផ្ទាល់ខ្លួនមិនសូវសំខាន់ឡើយ ផ្ទុយទៅវិញរឿងហុងកុងទេ ដែលលោកស្រីត្រូវគិតគូរ

សូមជម្រាបថា នាពេលកន្លងមករដ្ឋបាលអាមេរិក បានស្នើឲ្យទំនិញដែលនាំចេញពីហុងកុង ទៅអាមេរិកទាំងអស់ នឹងដាក់ស្លាកថា ជាទំនិញផលិតនៅចិន ពោលគឺលែងជាទំនិញផលិតនៅហុងកុងទៀតហើយ ការផ្លាស់ប្តូរប្រទេសផលិតនេះ នឹងមានសុពលភាពចាប់ផុតពីថ្ងៃទី២៥ខែកញ្ញាខាងមុខតទៅ

អាមេរិក នៅថ្ងៃទី ខែសីហា បានប្រកាស ដាក់ទណ្ឌកម្មលើប្រធានប្រតិបត្តិហុងកុង លោកស្រីការី ឡាំ និងមន្ត្រីសំខាន់ៗរបស់ហុងកុង និងចិនផ្សេងទៀត ទណ្ឌកម្មនេះ គឺជាការបង្កកទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំទាំងនោះនៅអាមេរិក និងហាមរកស៊ីជាមួយក្រុមហ៊ុនអាមេរិក

លោកស្រី ការី ឡាំ ពាក់ព័ន្ធនឹងបញ្ហានេះ បានចាត់ទុកការប្តូរស្លាកទំនិញរបស់អាមេរិកបែនេះ គឺគ្មានកេរ្តិ៍ខ្មាស និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហុងកុង ដោយឥតលាក់លៀម បើតាមមេដឹកនាំរូបនេះ ហុងកុង និងចិន គឺជាសមាជិកដាច់ដោយឡែកពីគ្នា នៅអង្គការពាណិជ្ជកម្មអន្តរជាតិហើយហុងកុងនឹងដាក់ពាក្យបណ្តឹងទៅអង្គការមួយនេះ ជុំវិញការសម្រេចចិត្តរបស់អាមេរិ

ទណ្ឌកម្មអាមេរិក មកលើមន្ត្រីមេដឹកនាំហុងកុង មន្ត្រីសំខាន់ៗហុងកុង និងចិន ធ្វើឡើងដោយសំអាងថាច្បាប់សន្តិសុខជាតិហុងកុង បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាជន និងបំផ្លាញគោលការណ៍ «​ប្រទេសមួយប្រព័ន្ធពីរ​»​

គួរបញ្ជាក់ថា បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុងចូលជាធរមាន អាជ្ញាធរបានចាប់ខ្លួនមនុស្សជាច្រើននាក់ ដោយផ្អែកទៅតាមច្បាប់ថ្មីនេះក្នុងចំណោមបុគ្គល ដែលត្រូវចាប់ខ្លួននោះ ក៏មានម្ចាស់កាសែត Apple Daily ដែលជាកាសែតដ៏ល្បីមួយនៅហុងកុងដែរ ប៉ុន្តែក្រោយមកលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ដោយ៖ស តារា


ចែករំលែក៖