ព័ត៌មានទាន់ហេតុការណ៍៖

ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់បាន ៩០% ហើយ

ចែករំលែក៖

ភ្នំពេញ៖ កីឡដ្ឋានធំ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោដែលជាទីតាំងត្រៀមទទួលពិធីបើកបិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា បានសម្រេចសមិទ្ធផលសាងសង់ប្រមាណ ៩០% ហើយ ស្របពេលគម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនាខែមីនាឆ្នាំ២០២១។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC លោក វ៉ាត់ ចំរើនបានបញ្ជាក់ថា ទោះបីវិបត្តិកូវីដ១៩ បានជះឥទ្ធិពលទូទាំងពិភពលោក តែវាមិនប៉ះខ្លាំងដល់ដំណើរការសាងសង់ដំណាក់កាលទី២ នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះឡើយ ជាក់ស្ដែងមកទល់ពេលនេះ ការសាងសង់បានដំណើរការរលូន និងសម្រេចបាន ៩០% ហើយ។

លោក វ៉ាត់ ចំរើន បន្ដថា «មកទល់ពេលនេះ ការសាងសង់កីឡដ្ឋានធំ Main Stadium រួចរាល់ ៩០% ហើយ គឺនៅសល់តែការបំពាក់គ្រឿងបរិក្ខាប៉ុណ្ណោះ ដូចជាកៅអី កញ្ចក់ បង្កាន់ដៃ ភ្លើង ទីលានខាងក្នុង និងការដេគ័រផ្សេងៗទៀត ដូចយើងធ្វើផ្ទះអញ្ចឹង ការណាដល់ដេគ័រហ្នឹងរៀងយឺតបន្ដិចតែបើនិយាយពីផ្នែកសំណង់សឹងតែរួចរាល់ហើយ គម្រោងនេះ អាចនឹងបញ្ចប់ស្ថាពរនៅអំឡុងខែមីនា ឆ្នាំក្រោយ»

សូមជម្រាបថា សំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយប្រើប្រាស់វិស្វករជំនាញនិងកម្មករសរុបជិត ៦០០នាក់ ដើម្បីសាងសង់ ក្រោមជំនួយឥសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំសម្បើមនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ឯណោះ៕ដោយ៖ ស តារា


ចែករំលែក៖