អន្តរជាតិ៖ខ្មាន់កាំភ្លើងក្រុមអ៊ិស្លាម មកពីក្រុមរដ្ឋអ៊ិស្លាម គ្រប់គ្រងដែនដែលអាហ្វ្រិកខាងលិច(ISWAP)បានវាយប្រហារភូមិKukawa ហើយចាប់ខ្លួនពលរដ្ឋរាប់រយនាក់ ដែលទើបតែវិលត្រឡប់មកពីភៀសខ្លួនរយៈពេលជាង២ឆ្នាំកន្លងមក។
នៅថ្ងៃទី១៩ខែសីហា មន្ត្រីនីហ្សេរីយ៉ាបានឲ្យ ដឹងថា ខ្មាន់កាំភ្លើងក្រុម អ៊ិស្លាម បានចាប់មនុស្សរាប់រយនាក់នៅក្នុងស្រុកភាគខាងជើងនីហ្សេរីយ៉ា។ តាមសារព័ត៌មាន AFP បានផ្សាយថា កាលពីយប់ថ្ងៃទី១៨ខែសីហា ខ្មាន់កាំភ្លើង ក្រុមភេរវកម្ម IS បានវាយប្រហារស្រុកKukawa ជិតព្រំដែនប្រទេស Chad ចាប់ខ្លួនពលរដ្ឋ ដែលបានវិលត្រឡប់មកភូមិស្រុករបស់ខ្លួនវិញ ក្រោយភៀសខ្លួនជាង ២ឆ្នាំ។
ជាមួយគ្នានេះដែរ អង្គការមនុស្សធម៌ Action Against Hunger (ACF) ដែលមានទីតាំងនៅប្រទេសបារាំងបានឲ្យដឹងថា ក្នុងរយៈពេល១ខែកន្លងមកគឺនៅខែកក្កដាមានសមាជិកក្រុមផ្តល់ជំនួយរបស់អង្គការនេះ៥នាក់ត្រូវបានចាប់ខ្លួន នៅនីហ្សេរីយ៉ាផងដែរ ។
តំបន់ភាគខាងជើងនីហ្សេរីយ៉ា ស្ថិតនៅក្នុងអសន្តិសុខ រយៈពេលជាង ១ទសវត្សរ៍កន្លងមក ក្រោយពេលក្រុមបូកូហារាម វាយប្រហារដណ្តើមគ្រប់គ្រងតំបន់ជាច្រើនហើយ ចាប់ពលរដ្ឋ ធ្វើជាចំណាប់ខ្មាំង ។ អំពើហិង្សាបានបង្ខំឲ្យពលរដ្ឋ យ៉ាងតិច៣៦ពាន់នាក់សា្លប់ និងប្រមាណ២លាននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព៕ដោយ៖ធី រីណា