អន្តរជាតិ៖ប្រទេសជាច្រើននៅជុំវិញពិភពលោក បានថ្កោលទោសដល់សកម្មភាពធ្វើរដ្ឋប្រហារដោយយោធាមិនបង្ហូរឈាមនៅប្រទេសម៉ាលី ហើយ អំពាវនាវដល់ កម្លាំងទាហានដោះលែងប្រធានាធិបតី ឲ្យមានសេរីភាព។ សកម្មភាពខាងលើ ធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង ។
នៅថ្ងៃទី១៩ខែសីហា ក្រុម ប្រទេស G5 Sahel នៅអាហ្វ្រិក បានស្នើដល់កម្លាំងទាហាន ដែលចូលរួមធ្វើរដ្ឋប្រហារ នៅម៉ាលី ដោះលែង ប្រធានាធិបតី Ibrahim Boubacar Keita ។ ក្រៅពីប្រធានាធិបតី នៅមានមន្ត្រីជាច្រើនរូប ត្រូវទាហានចាប់ខ្លួនផងដែរ។
នៅក្នុងសេចក្តីប្រកាសមេដឹកនាំប្រទេសG5 Sahel បានស្នើដល់បណ្តាភាគីពាក់ព័ន្ធ គោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រសួងការបរទេសចិន បានប្រកាស ប្រឆាំងសកម្មភាពផ្លាស់ប្តូររបបដឹកនាំនៅប្រទេសម៉ាលី ដោយអំពើហិង្សា ក្រោយកម្លាំងទាហានក្រុមបះបោរ ចាប់បង្ខំឲ្យប្រធានាធិបតីលាលែងចេញពីតំណែង និងរំលាយរដ្ឋសភា។
ជាមួយគ្នានេះដែរ កម្លាំងទាហានម៉ាលីបានប្រកាសថា នឹងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ប្រទេសជាតិ នឹងរៀបចំផ្លាស់ប្តូរ នយោបាយក្រោយការបោះឆ្នោត ស្របច្បាប់ក្នុងប្រទេសនេះ៕
ដោយ៖ធី រីណា