ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនៃមន្ទីរកសិកម្មបន្តបង្រ្កាបបទល្មើសនេសាទ ខណៈទឹកកំពុងសម្រុកឡើង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ និងក្រុមការងារមន្រ្តីជំនាញខណ្ឌ.ផ្នែក.សង្កាត់រដ្ឋបាលជលផល រួមសហការដោយកំលាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះពិនិត្យ និងបង្រ្កាបការនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផល ក្នុងឱកាសបិទនេសាទម្យ៉ាងទឹកទន្លេក៏កំពុងសម្រុកឡើង ដើម្បីទុកលទ្ធភាពត្រីពងកូន ។

ករណីមន្រ្តីមន្ទីរជំនាញសហការបង្រ្កាបបទល្មើសនេសាទនេះ ធ្វើឡើងនៅថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ផ្ដើមពីម្ដុំឃុំកំពង់លួងរហូតដល់ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផល ៖ កំលាំងអនុវត្តបានរួមមានៈ របាំងស្បៃមុងចំនួន៦ខ្សែ ស្មើនឹងប្រវែងចំនួន១២០០ម៉ែត្រ បង្គោលចំរឹងចំនួន២៥០ដើម លូកងស្បៃមុងចំនួន១២មាត់ និងចាក់លែងត្រីចំរុះទម្ងន់ចំនួន៦គីឡូក្រាម ។

លោក នាយខណ្ឌរដ្ឋបាលជលផលបន្តទៀតថា ករណីក្រុមការងារមន្រ្តីជំនាញរួមសហការស្ថាប័នពាក់ព័ន្ធ ទាំងលទ្ធផលក្នុងការអនុវត្តនាកន្លងមក និងការងារមិនទាន់បានអនុវត្ត យើងនៅតែបន្តធ្វើការបង្រ្កាបជានិច្ច នេះជាផែនការ និងទិសដៅកតាព្វកិច្ចដែលត្រូវធ្វើ បើទោះជាការអនុវត្តនៅមានកម្រិតនៅឡើយក្ដី ៕

ដោយ៖បុឹម ពិន


ចែករំលែក៖