ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរដែលត្រូវបានជនជាតិថៃវាយធ្វើបាប ត្រូវបានការគាំពារ និងការយកចិត្តទុកដាក់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃបានចុះមកស្រុកព្លកដែង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករឈ្មោះ ផន ណង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប ដែលត្រូវបុរសជនជាតិថៃ ២នាក់អះអាងខ្លួនជាប៉ូលិសចូលទៅប្រើប្រាស់អំពើហិង្សាលើរូបគាត់កាលពីថ្ងៃសុក្រទី០៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅ។

ក្រុមការងារស្ថានទូតបានធ្វើដំណើរទៅអធិការដ្ឋាននគរបាលស្រុកព្លកដែង ដើម្បីតាមដានពាក្យបណ្តឹង និងស្នើសុំការសហការពីអាជ្ញាធរក្នុងការស្វែងរកយុត្តិធម៌ដល់ពលករ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើស។

បន្ទាប់មក ក្រុមការងារស្ថានទូត បានបន្តចុះទៅដល់ទីតាំងកន្លែងធ្វើការរបស់ពលករដែលជាកន្លែងកើតហេតុ ដើម្បីសាកសួរសុខទុក្ខ ដោយមានការសម្របសម្រួលពីអាជ្ញាធរអធិការស្រុកព្លកដែង។

ស្ថានទូតក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងពាំនាំនូវថវិកាមួយចំនួនឧបត្ថម្ភដល់ពលកររូបនោះផងដែរ៕ដោយ៖ សិលា


ចែករំលែក៖