ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងខឹងក្រុមគ្រួសារស្ដីបន្ទោសរឿងនាំកូនស្រីគេមកច្រៀងលេងនៅផ្ទះផឹកថ្នាំពុលសម្លាប់ខ្លួនទាំងយប់

ចែករំលែក៖

     ខេត្តស្វាយរៀង៖ មានករណីផឹកថ្នាំពុលសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក តែជាអកុសលការជួយសង្គ្រោះនេះគឺបានហួសពេលទៅហើយ។ហេតុដែលនាំឱ្យយុវតីរូបនេះផឹកថ្នាំពុលសម្លាប់ខ្លួននេះបន្ទាប់ពីគេសង្ស័យថាប្រហែលជានាងខឹងម្ដាយស្ដីបន្ទោសរឿងនាំកូនស្រីអ្នកភូមិមកច្រៀងកម្សាន្តលេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ អង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា នារីដែលគិតខ្លីធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះ តន់ ហឿន អាយុ ២៣ឆ្នាំ នៅភូមិអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងដែរថា មុនកើតហេតុគេឃើញនារីគិតខ្លីបានហៅកូនស្រីជាអ្នកភូមិផងរបងជាមួយមកច្រៀងលេងកម្សាន្តតាមបាស់ប៊្លូធូយ៉ាងសប្បាយ។

ក្រោយមកនារីរងគ្រោះត្រូវបានក្រុមគ្រួសារនិយាយស្ដីបន្ទោសបន្តិចបន្តួចរឿងនាំកូនស្រីគេមកលេងផ្ទះ ស្រាប់តែនាងអន់ចិត្តរត់ទៅដេកយំ ហើយយកថ្នាំពុលកំប៉ុងជ័រពណ៌សមកផឹកប្រកាច់វីវក់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកនារីខាងលើត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែករហូតដល់វេលាម៉ោង១រំលងអធ្រាត្រដោយអាការធ្ងន់ធ្ងរពេកថ្នាំពុលជ្រាបដល់សរសៃឈាមក៏បានផុតដង្ហើមស្លាប់ទៅ។

សពត្រូវបានឪពុកម្តាយដឹកចេញពីមន្ទីរពេទ្យយកមករៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕ យឹម សុថាន


ចែករំលែក៖