អន្តរជាតិ៖សហគមន៍អឺរ៉ុបបានចេញសេចក្តីប្រកាសរួម ថ្កោលទោសដល់ការបោះឆ្នោត ក្នុងប្រទេសបេឡារ៉ូស ថាជាការគេងបន្លំ មិនអាចទទួលយកបានឡើយ។ ប្រទេសជាសមាជិកអឺរ៉ុប២៧ប្រទេស កាលពីថ្ងៃទី១៩ ខែសីហាបានច្រាលចោលលទ្ធផលបោះឆ្នោតប្រធានាធិបតី បេឡារ៉ូស ហើយព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសនេះទៀតផង។
ការសម្រេចរបស់សហគមន៍អឺរ៉ុប កើតឡើង ក្រោយពេលសមាជិកទាំង២៧ប្រទេសបានជួបប្រជុំគ្នាតាម អនឡាញ នៅរសៀលថ្ងៃទី១៩ខែសីហា ដើម្បីពិភាក្សាស្តីពីភាពមិនប្រក្រតីនៅក្នុងប្រទេសបេឡារ៉ូស បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី។
ប្រធានគណៈកម្មការអឺរ៉ុបលោក Charles Michel បានរៀបចំសន្និសីទកាសែត ហើយប្រកាសថា សហគមន៍អឺរ៉ុបថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពគេងបន្លំក្នុងការបោះឆ្នោតប្រធានាធិបតី និងអំពើហិង្សាទៅលើក្រុមបាតុកម្ម ។
ជាមួយគ្នានេះអឺរ៉ុបបានសម្រេចផ្តល់ជំនួយជាទឹកប្រាក់រហូតដល់ទៅ៥៣លានអឺរ៉ូដល់ពលរដ្ឋ បេឡារ៉ូស។ ប្រាក់ទាំងនោះនឹងបញ្ជូនដល់អង្គការសង្គមកិច្ច ស៊ីវិល និងពលរដ្ឋក្រីក្រនៅបេឡារ៉ូស។ សកម្មភាពខាងលើរបស់អឺរ៉ុប ត្រូវបានរុស្ស៊ីចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសបេឡារ៉ូស តាមរយៈជំនួយដល់ក្រុមប្រឆាំង ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី បារាំង អាល្លឺម៉ង និងប្រធានសហគមន៍អឺរ៉ុប ដោយរុស្ស៊ីបានព្រមាន មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារ៉ូសនោះឡើយ ។ បេឡារ៉ូសជាសម្ព័ន្ធមិត្តដ៏ជិតស្និទបំផុតរបស់រុស្ស៊ី ៕ដោយ៖ធី រីណា