ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷រឿង សត្វ​ប្រឡាំងកាស

ចែករំលែក៖

កាល​ណា​គេ​ឃើញ​សត្វ​ប្រឡាំងកាស គេ​តែង​នឹក​ឆ្ងល់​ចំពោះ​ភាព​ប្លែក​របស់​សត្វ​នេះ គឺ​តែ​ឃើញ​ញី ក៏​នឹង​ឃើញ​ឈ្មោល រស់​នៅ​ជាប់​លើ​ខ្នង​ញី​នោះ​ជា​ដរាប ។ ដូច​នេះ ទើប​មាន​គេ​ចំអន់​គ្នា​លេង​ចំពោះ​មនុស្ស​ប្រុស ដែល​ខ្ជិល​រក​ស៊ី រស់​តែ​ដោយ​សារ​ស្រី​ថា “កុំ​ធ្វើ​ដូច​សត្វ​ប្រឡាំងកាស”។

ចំពោះ​ការ​រស់​នៅ​ដ៏​ចម្លែក​របស់​សត្វ​នេះ មាន​រឿង​ព្រេង​បរម្បរា​និទាន​ដូច​ត​ទៅ​នេះ៖

កាល​នោះ មាន​ក្សត្រ​មួយ​អង្គ ទ្រង់​មាន​អគ្គ​ជាយា​ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​ល្អ​ស្រស់ តែ​ព្រះ​អង្គ​ពុំ​មាន​ព្រះ​រាជ​បុត្រ​សោះ ។ ថ្ងៃ​មួយ ព្រះ​អង្គ​ទ្រង់​ហៅ​ហោរ​ឲ្យ​ចូល​មក​គន់​គូរ ដើម្បី​រៀប​ពិធី​យ៉ាង​ណា​ឲ្យ​បាន​ព្រះ​រាជ​បុត្រ​មួយ ។ ហោរា​ចូល​ថ្វាយ​ទំនាយ សុំ​ព្រះ​អង្គ​រៀប​ធ្វើ​ពលិការ​បួង​សួង​ចំពោះ​ទេពតា ដើម្បី​សុំ​បុត្រ ដោយ​មាន​រៀប​ចំ​គ្រឿង សក្ការ​បូជា​ឧឡារិក​ផង ។

ដោយសារ​ឫទ្ធានុភាព​នៃ​ការ​បួង​សួង​នេះ ព្រះ​អង្គ​ក៏​បាន​រាជ​បុត្រា​មួយ ។ ព្រះ​រាជ​ឱរស​នោះ ប្រកប​ដោយ​រូប​ឆោម​ស្អាត​បាត​ល្អ​ណាស់ គួរ​ជា​ទី​សព្វ​ព្រះ​រាជ​ហឫទ័យ នៃ​ព្រះ​វរ​រាជ​បិតា-មាតា​យ៉ាង​ក្រៃលែង ។ លុះ​ព្រះ​អង្គ​បាន​ព្រះ​ជន្មាយុ ៧ ឆ្នាំ មាន​ពេល​មួយ​នោះ ព្រះ​វរ​រាជ​មាតា​ទ្រង់​ភ្នក​ព្រះ​រាជ​ហឫទ័យ ចង់​នាំ​ព្រះ​រាជ​បុត្រា​ចេញ​ទៅ​ក្រសាល​ក្នុង​ឧទ្យាន ។ ព្រះ​នាង​ក៏​ថ្វាយ​បង្គំ​លា​ព្រះ​ស្វាមី នាំ​ព្រះ​រាជ​បុត្រា​ចេញ​ទៅ​ដោយ​មាន​ព្រះ​រាជ​បរិពារ​ហែហម​ផង ។

ជា​គ្រោះ​អាក្រក់ ពេល​នោះ​មាន​សត្វ​គ្រុឌ​មួយ ហិច​ហើរ​ដើរ​សង្វែង រក​អាហារ​សព្វ​ទិស​ទី ស្រាប់​តែ​មក​ប្រទះ​ឃើញ ឧទ្យាន​ដែល​មាន​មនុស្ស​អ៊ូអរ​នោះ សត្វ​គ្រុឌ​ចង្រៃ​ក៏​ចុះ​មក​ឆាប​ឆក់​ពាំ​យក​ព្រះ​រាជ​កុមារ ពី​កណ្ដាល​ចំណោម​មនុស្ស​នោះ​ទៅ ។ ព្រះ​វរ​រាជ​មាតា ទ្រង់​រន្ធត់​ស្លុត​ព្រះ​ទ័យ​យ៉ាង​ខ្លាំង ដោយ​នឹក​ស្ដាយ​ព្រះ​រាជ​បុត្រា​បណ្ដូល​ហឫទ័យ ។ ព្រះ​នាង​នាំ​បរិពារ​តាម​មើល​សត្វ​ចង្រៃ ដែល​ពាំ​យក​ព្រះ​រាជ​បុត្រ​ទៅ​នោះ ឃើញ​ថា​វា​ហើរ​ឆ្លង​សមុទ្រ​ទៅ​យ៉ាង​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក។ លុះ​អស់​សេចក្ដី​សង្ឃឹម​ហើយ ព្រះ​នាង​ទ្រង់​យាង​ត្រឡប់ នាំ​ទាំង​ព័ត៌មាន​យ៉ាង​ក្រៀម​ក្រំ​នេះ ទៅ​ថ្វាយ​ព្រះ​ស្វាមី​វិញ ។ ព្រះ​អង្គ​ទ្រង់​វិតក្ក​ក្រៃលែង​ណាស់ ក៏​ចាត់​ចែង​ឲ្យ​រក​ហោរា​មក​គន់​គូរ អំពី​ជោគ​វាសនា​នៃ​ព្រះ​រាជ​បុត្រា ។ ហោរ​បាន​ថ្វាយ​ទំនាយ​ថា៖ ព្រះ​រាជ​កុមារ មិន​ទាន់​អស់​ព្រះ​ជន្ម​ទេ សត្វ​នេះ​វា​នឹង​ត្រូវ​អាក់​ដំណើរ​នៅ​ពាក់​កណ្ដាល​ផ្លូវ ជា​មិន​ខាន ។

ក្រោយ​ដែល​បាន​ជ្រាប​ព័ត៌មាន​នេះ​ហើយ ព្រះ​រាជា​ទ្រង់​ឲ្យ​ធ្វើ​ភេរីចរណ៍​ប៉ាវ​គង​ប៉ាវ​ឃ្មោះ​រក​អ្នក​ខ្លាំង​ពូកែ មាន​ឫទ្ធិ​អាច​ឆ្លង​សមុទ្រ​ទៅ​តាម​យក​ព្រះ​រាជ​កុមារ​ឲ្យ​បាន​អំពី​គ្រុឌ​មក​វិញ ។ គ្រា​នោះ គ្មាន​មនុស្ស​ណា​ម្នាក់​ហ៊ាន​ធានា​ខ្លួន ជួយ​យក​អាសា​ព្រះ​អង្គ​សោះ នាំ​ឲ្យ​ពួក​ភេរីចរណ៍ ចេះ​តែ​ដើរ​ទៅ ៗ រហូត​ដល់​មាត់​សមុទ្រ ពេល​នោះ​ស្រាប់​តែ នាង​ណាំក្រឹះ​ដែល​រស់​នៅ​ត្រង់​ឆ្នេរ​សមុទ្រ​នោះ ក៏​មក​ប្រាកដ​ខ្លួន​ចំពោះ​ព្រះ​រាជ​បម្រើ ហើយ​សុំ​ធានា​ខ្លួន​ទៅ​តាម​យក​ព្រះ​រាជ​កុមារ​ឲ្យ​ទាល់​តែ​បាន ។

ក្រុម​រាជ​បម្រើ ក៏​នាំ​ដំណឹង​នេះ ទៅ​ថ្វាយ​ព្រះ​រាជា ព្រះ​អង្គ​ទ្រង់​ថ្លែង​អំណរ​ពន់​ប្រមាណ​ចំពោះ​នាង​ណាំក្រឹះ ដែល​មាន​សេចក្ដី​ក្លាហាន​អង់​អាច ហើយ​ព្រះ​អង្គ​ទ្រង់​សន្យា​ថា នឹង​ប្រោស​ព្រះ​រាជ​តាន​ទ្រព្យ​ដ៏​មាន​តម្លៃ​ជា​រង្វាន់​ចំពោះ​សេចក្ដី​ក្លាហាន​របស់​នាង នៅ​ពេល​ណា​នាង​យក​បាន​ព្រះ​រាជ​បុត្រា​មក​វិញ ។

នាង​ណាំក្រឹះ ក៏​ថ្វាយ​បង្គំ​លា​ព្រះ​រាជា​ចេញ​ទៅ ។

ថ្លែង​ពី​សត្វ​គ្រុឌ​ដែល​ពាំ​យក​ព្រះ​រាជ​កុមារ​នោះ​ទៅ លុះ​ឆ្លង​ផុត​សមុទ្រ​មួយ​ទៅ បាន​ដល់​កោះ​មួយ ក៏​ប្រទះ​នឹង​ខ្យល់​ព្យុះ​បោក​បក់​យ៉ាង​ខ្លាំង វីវក់​ធ្វើ​ឲ្យ​សត្វ​នោះ​របូត​ជ្រុះ​ព្រះ​រាជ​កុមារ​ពី​មាត់​ធ្លាក់​ទៅ​លើ​ធ្នារ​ខ្សាច់​នោះ​ទៅ​តែ​ព្រះ​រាជ​កុមារ​នៅ​គង់​ព្រះ​ជន្មា​នៅ​ឡើយ គ្រាន់​តែ​សន្លប់​បាត់​ស្មារតី ។ ក្រោយ​ដែល​បាន​ត្រូវ​ទឹក​សន្សើម​អស់​មួយ​យប់ ព្រះ​អង្គ​ក៏​មាន​ព្រះ​ស្មារតី​ឡើង​វិញ ។ គ្រុឌ​មិន​អស់​ចិត្ត​ទេ​នឹង​ជ្រុះ​អាហារ​ពី​មាត់ ចេះ​តែ​ខំ​ហើរ​ឆ្វែល​រក​ត្រង់​កន្លែង​ដែល​ជ្រុះ​ធ្លាក់​នោះ ប៉ុន្តែ​ជា​ភ័ព្វ​ល្អ វា​រក​មិន​ឃើញ​សោះ ។

ចំណែក​នាង​ណាំក្រឹះ ក្រោយ​ដែល​បាន​ស្ដាប់​ដំណឹង ពី​ពពួក​អ្នក​ដែល​បាន​ឃើញ ចង្អុល​បង្ហាញ​ផ្លូវ​ទៅ​ទិស​ដែល​គ្រុឌ​ឆក់​កុមារ​នោះ​ហើយ​នាង​ក៏​មិន​បង្អង់​ឡើយ ។ នាង​ត្រេច​ទៅ​ដល់​កោះ​នោះ ស្រាប់​តែ​ក្រឡេក​ទៅ​ឃើញ​ព្រះ​រាជ​កុមារ​នៅ​តែ​ឯង​កណ្ដាល​ធ្នារ​ខ្សាច់ ។ នាង​ណាំក្រឹះ​ប្រញាប់​ប្រញាល់​ចូល​ទៅ​និយាយ​ទូល​តាម​ដំណើរ​ឲ្យ​ព្រះ​កុមារ​ស្គាល់​ខ្លួន​នាង​រួច​ក៏​នាំ​ព្រះ​រាជ​កុមារ​ឲ្យ​តោង​ក ហែល​ឆ្លង​សមុទ្រ​មក​ត្រលប់​នគរ​វិញ ។ លុះ​មក​ដល់​ពាក់​កណ្ដាល​សមុទ្រ ដោយ​រលក​ទឹក​វាយ​ខ្លាំង កន្ទុយ​ក្បិន​ក៏​របូត​នាង​ងាក​ស្រវា​ចាប់​ទាញ​ក្បិន ព្រះ​រាជ​កុមារ​ក៏​ឈ្លក់​ទឹក​ដល់​ក្ស័យ​ព្រះ​ជន្ម​ទៅ ។ នាង​ណាំក្រឹះ​ភ័យ​ជា​ខ្លាំង​ណាស់ ណា​ខ្លាច​ព្រះ​រាជា​យក​ទោស ណា​ស្ដាយ​ព្រះ​រាជ​កុមារ​ផង នាង​ក៏​អត់​ដង្ហើម​ស្លាប់​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ទាំង​ព្រះរាជ​កុមារ​តោង​ក​ជាប់​ទៅ​ផង ។ អ្នក​ទាំង​ពីរ ក៏​បាន​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ​ប្រឡាំងកាស​រហូត​មក បាន​ជា​សត្វ​នេះ ឈ្មោល​មាន​ខ្លួន​តូច រស់​នៅ​តែ​លើ​ខ្នង​ញី ពឹង​ប្រស្រ័យ​ចិញ្ចឹម​ជីវិត​តែ​ដោយ​សារ​ញី​មក​ទាល់​សព្វ​ថ្ងៃ ។ គេ​ច្រើន​និយាយ​ថា សត្វ​ប្រឡាំងកាស​ឈ្មោល តែ​ធ្លាក់​ពី​លើ​ខ្នង​ញី វា​នឹង​ស្លាប់ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖